មនុស្សជាង៧០នាក់ និងទូហ្គេមជាង៧០គ្រឿងនៅផ្សារសូរិយាម៉ល ក្នុងខណ្ឌដូនពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងកំរិតស្រាលចុះបង្ក្រាប
-

ភ្នំពេញ៖ ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការន​គរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅបង្ក្រាបល្បែងស៊ីសងដ៏ធំសម្បើមមួយ មានទីតាំងនៅតាមបណ្តោយផ្លូវលេខ១៧២ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ (នៅផ្សារសូរិយាម៉ល) ក្នុងខណ្ឌដូនពេញ ដោយឃាត់មនុស្សជាង៧០នាក់ និងដកហូតទូហ្គេមជាង៧០គ្រឿងផងដែរ។

លោក ប៊ុន សត្យា​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន ថា ល្បែងស៊ីសងទាំងនេះ ត្រូវបានកម្លាំង នគរបាលរបស់លោក បាននិងកំពុងចុះបង្ក្រាប ក្រោមបញ្ជារបស់អភិបាលក្រុង និងនាយឧត្តមសេនីយ៍ស្នងការ ដោយសារតែវាជាសំបុក នាំឲ្យកើតបទល្មើសផ្សេងៗ ជាពិសេស លួច​ ឆក់ ប្លន់ និងគ្រឿងញៀនជាដើម។
យ៉ាងណាក៏ដោយ កម្លាំងនគរបាលក្រោមការសម្របសម្រួល ពីតំណាងអយ្យការផងនោះ បាននិងបន្តនីតិវិធី ពាក់ព័ន្ធជាមួយការបង្ក្រាបល្បែងស៊ីសងទាំងនេះ។
ក្រោយពេលចុះបង្ក្រាបហើយនោះ មនុស្សដែលត្រូវឃាត់ខ្លួនបាន ក៏នាំខ្លួនយកទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ។ ចំណែកទូរហ្គេមដែលជាវត្ថុតាងវិញ សមត្ថកិច្ចបានប្រាប់ថា ត្រូវដកហូតយកទៅដែរ តែអ្វីដែលឃើញជាក់ស្ដែងនោះគឺ សមត្ថកិច្ចបានបិតទ្វាចាក់សោរនៅនងកន្លែងដដែល ៕
ដោយ៖ ភារ៉ា