បុរសជិះសេះសជូនស្រីស្នេហ៍ទៅផ្ទះ តែមកជួបក្រុមប្លន់ប្រដាប់អាវុធនៅទួលសង្កែ ស្រាប់តែ....
ភ្នំពេញ៖យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបសង្សារត្រលប់មកផ្ទះវិញហើយក៏ត្រូវបានក្រុមចោរប្រដាប់អាវុធមួយក្រុមធ្វើការសកម្មភាពភ្ជុងប្លន់យកម៉ូតូបានសម្រេចជិះរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខហាងកាហ្វេយីហោ វ៉ាន មីង9 ខាងលិចស្តុបរង្វង់មូលកាំខូស៊ីធីប្រហែល៥០០ម៉ែត្រ តាមបណ្តោយផ្លូវឧកញាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលគោកសង្កែ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ពុំ ភារៈ អាយុ២២ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។ បើតាមសម្តីពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តីប្រុសម្នាក់រួមទាំងនារីជាអ្នករត់តុនៅហាងកាហ្វេដែលជាសង្សាររបស់ជនរងគ្រោះម្នាក់ទៀតហើយបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីនិច សេរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GJ-5190 ដែលទើបតែជិះចេញមកពីដើរលេងនៅម្តុំកោះពេជ្រ ហើយបំណងជិះជូននារីជាសង្សារទៅផ្ទះវិញដែលនៅត្រង់ចំណុចកើតហេតុខាងលើ។ លុះមកដល់ចំណុចកើតហេតុដោយហាងកើតហេតុខាងលើត្រូវបិទទ្វារចាក់សោពីខាងក្នុង ហើយជនរងគ្រោះនិងមិត្តភក្តីរួមទាំងសង្សារក៏បានឈប់ម៉ូតូនៅខាងមុខហាងដើម្បីរងចាំគេងើបមកបើកទ្វារហាងឲ្យនារីជាសង្សារចូល។ ស្រាប់តែមួយសន្ទុះក្រោយមកក៏ស្រាប់តែមានក្រុមចោរចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបភី មិនចាំស្លាកលេខ ជិះមកក្រឡឹងជនរងគ្រោះពីរបីបក។ បន្ទាប់មកក៏ក្រុុមចោរប្រដាប់អាវុធខាងលើរួមទាំងបក្សពួកបួននាក់ទៀតជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក មកជិះពួកគាត់ហើយក៏បានធ្វើសកម្មភាពប្លន់យកម៉ូតូរបស់ជនរងគ្រោះ ដោយមានបក្សពួកក្រុមចោរម្នាក់ក្នុងចំណោមប្រាំមួយនាក់ បានដកកាំភ្លើងខ្លីមួយដើមមកភ្ជុងគំរាមកុំឲ្យស្រែកហើយក្រុមចោរក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកចោររត់ដេញតាម ហើយក៏ត្រូវក្រុមចោរកុបមួយដុំថ្មត្រូវដៃ រួចក្រុមចោរក៏បន្តជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។ ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកម៉ូតូរបស់ខ្លួនយកត្រលប់មកវិញ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។