រថយន្ត Highlander ចង់សាកជាមួយលូថារឹងមាំអត់ ស្រាប់តែខ្ទិចមួយកំណាត់មុខ និងធ្វើឲ្យមនុស្សប្រុសស្រី២នាក់រងរបួស
ភ្នំពេញ៖ រថយន្ត Highlander មួយគ្រឿង បានបោះពួយយ៉ាងលឿន ជ្រុលទៅបុកលូដែលគេទុកចោលនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសស្រាល ចំណែករថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងមិនអាចបន្តទៅមុខរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនាំគ្នាចោមរោមមើលយ៉ាងខ្លាំង ហេតុការណ៍នេះកើតឡើងវេលាម៉ោង០៥និង១០នាទីល្ងាច ថ្ងៃសៅរ៍ ទី២៨ខែមេសា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខវត្តគោកអម្ពិល តាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿង ម៉ាក Highlander ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V-2848 បើកបរដោយបុរសម្នាក់ រួមដំណើរដោយមនុស្សស្រីនាក់ទៀត ធ្វើដំណើរពីកើតទៅលិច ក្នុងលឿងយ៉ាងលឿន តាមផ្លូវ៥០ម៉ែត្រ លុះមកដល់ចំណុចកើតហេតុ មុខវត្តគោកអម្ពិល ក៏បានរេចង្កូតទៅបុកលូដែលគេទុកចោលនៅលើចិញ្ចើមផ្លូវ ពេញទំហឹង បណ្ដាលអោយរថយន្តផ្ទុះពោងសុវត្ថិភាពទាំងអស់ និងរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ បើកទៅមុខលែងរួច ។ បើតាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលជើងឯកបានប្រាប់ឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់នោះទេ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ និងមិនបណ្ដាលអោយខូចខាតសម្បត្តិរដ្ឋនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលជើងឯកបានចុះជួយសម្រួលចរាចរណ៍ និងរងចាំម្ចាស់រថយន្តទាក់ទងហៅរថយន្តមកស្ទូចយករថយន្តទៅយានដ្ឋានដើម្បីធ្វើការជួសជុលដោយខ្លួនឯង ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។