បុករថយន្ដប្រេងទៀត ប៉ុន្ដែសំណាងពុំបណ្ដាលឲ្យឆេះមនុស្សស្លាប់ !
ណារ៉ា
-

ព្រះវិហារ៖ កាលពីវេលាម៉ោង០៨និង១៥នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរ កើតឡើងរវាងរថយន្តហ្វតបុកជាមួយរថយន្តដឹកប្រេង នៅលើផ្លូវជាតិលេខ៦៤ចំណុចអូរប្រាំព្យាមក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាប់ព្រំប្រទល់នឹង ខេត្តសៀមរាប។

ករណីនេះចាត់ទុក ជាមហាសំណាងរបស់ជនរងគ្រោះជាជនជាតិចិននិងអ្នករួមដំណើរទាំង៦នាក់នៅក្នុងរថយន្តហ្វតនេះ បើធៀបនិងករណីដូចគ្នារថយន្តឡិចសុីស៤៧០បុករថយន្តដឹកប្រេងនៅខេត្តកោះកុងម្សិលមុិញគឺឆេះស្លាប់ទាំងអស់ ។
បើតាមប្រភពបានអោយដឹងថា មុនពេលកើតហេតុរថយន្តហ្វតបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដោយមានមនុស្ស៦នាក់ជិះក្នុងរថយន្ត លុះដល់កន្លែងកើតហេតុដែលជាចំណុចផ្លូវកោង រថយន្តហ្វតបានជ្រុលចង្កូតចូលផ្លូវរថយន្តដឹកប្រេងដែលបើកបញ្រ្ចាស់ទិសគ្នាបណ្តាលអោយបុកគ្នាចំពីមុខយ៉ាងពេញទំហឹងធ្វើអោយរថយន្តដឹកប្រេងរេធ្លាក់ផ្លូវ ដោយឡែករថយន្តហ្វតបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងបណ្តាលអោយមនុស្សរបួសធ្ងន់ស្រាលចំនួន៣នាក់ ភ្លាមៗនោះក៍ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យ ៕