ផ្អើលពលរដ្ឋទាំងកណ្ដាលអាធ្រាត្រ និងចាប់ជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ បន្ទាប់ពីបម្រុងគាស់ផ្ទះពលរដ្ឋលួចយកទ្រព្យសម្បត្តិ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ចជ្រោយចង្វារវៃខ្នោះ ក្រោយពីពួកគេធ្វើសកម្មភាពឡើងលើផ្ទះប្រជាពលរដ្ឋ បំរុងគាស់យកទ្រព្យសម្បត្តិ ដោយបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអាធ្រាតតែម្ដង នាវេលាម៉ោង១២ និង២០នាទីយប់ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះប្រជាពលរដ្ឋ ខាងក្រោយវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ វូច អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅឯខេត្តព្រៃវែង ។ យោងតាមសម្ដីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេលឺសម្លេងប្រោកៗលើផ្ទះពលរដ្ឋ ពេលនោះក៏ឃើញជនសង្ស័យចំនួន៣នាក់ នៅកន្លែងលឺសម្លេងនោះ ហើយប្រជាពលរដ្ឋក៏បានស្រែកថាចោរៗតែម្ដង ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើន ធ្វើឲ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ នាំគ្នារត់គេចខ្លួនរៀងៗខ្លួន ពេលនោះមានជនសង្ស័យ២នាក់ បានរត់គេចខ្លួនបាត់ស្រមោល ឯជនសង្ស័យខាងលើ បានរត់ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ ហើយអស់ផ្លូវរត់ ក៏អង្គុយនៅលើដំបូលនិងកន្លែងតែម្ដង ដោយមិនហ៊ានចុះ ក៏មិនហ៊ានទៅណាដែរ ព្រោះពលរដ្ឋបានឡោមព័ទ្ធជិត ដោយនៅនិងដៃពួកគាត់មានដំបងគ្រប់ៗគ្នា រហូតសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ជ្រោយចង្វារមកដល់ ទើបជនសង្ស័យប្រគល់ខ្លួនឲ្យវៃខ្នោះតែម្ដង តែនៅពេលចុះមកដល់ខាងក្រោម ក៏ត្រូវប្រជាបលរដ្ឋស្វាគមន៍ម្នាក់មួយដៃ មួយជើង ទើបសមត្ថកិច្ចដឹកយកមកប៉ុស្ដិ៍ដើម្បីសួរនាំ ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។