រន្ធត់ចិត្តពេក យំរហូតដល់សន្លប់ខ្លួន...ព្រះសង្ឃមួយអង្គស្មូតធម៌អំពីគុណឪពុកម្តាយ ពិរោះ និងត្រូវសាច់រឿងពេក ធ្វើអោយសិស្សានុសិស្សជាច្រើនបាន...
ខេត្តសៀមរាប ៖ សិក្សានុសិស្សចំនួន២៧០០នាក់មកពីវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក បានចូលរួមក្នុងកម្មវិធីអប់រំសីលធម៌ បណ្តុះគុណធម៌ និង ផ្កាឈូកកតញ្ញូដែលដឹកនាំដោយភិក្ខុ ស៊ី សំណាង ពេលកំពុងតែអង្គុយក្រេបយកចំណេះដឹងនោះ ស្រាប់តែមានសិស្សនុសិស្សជាច្រើនបានដួលសន្លប់ បន្តបន្ទាប់គ្នា រួចក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បង្អែកស្រុករួចរាល់ហើយ ដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅក្នុងបរិវេនវត្តពួក ក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
បើតាមការរៀបរាប់របស់លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកដែលបានប្រាប់ឱ្យដឹងថា ក្មេងស្រីសិស្សសាលាជាច្រើនបានចូលរួមការក្នុងកម្មវិធី អប់រំសីលធម៌ បណ្តុះគុណធម៌ និង ផ្កាឈូកកតញ្ញូដែលដឹកនាំដោយភិក្ខុ ស៊ី សំណាង ពេលនោះស្រាប់តែមានក្មេងជាប្រុសស្រីជាច្រើនបានដួលសន្លប់ ជាបន្តបន្ទាប់ អស់ចំនួន៤នាក់ ក្នុងនោះមានស្រី៣នាក់ និងប្រុសម្នាក់។ មូលហេតុដែលបណ្តាលឲ្យក្មេងទាំងនោះដួលសន្លប់មកពី សិក្សានុសិស្សទាំង៤នាក់នោះ ក្រោយពីព្រះសង្ឃបានស្មូតធម៌អំពីគុណឪពុកម្តាយ ហើយសិស្សទាំងនោះមានការរំភើបរំជួលក្នុងចិត្តព្រមទាំងនាំគ្នាយំខ្លាំងៗទើបបណ្តាលឱ្យដួលសន្លប់តែម្តង ។ បច្ចុប្បន្នសិស្សានុសិស្សទាំងនោះ បានត្រលប់ទៅផ្ទះវិញហើយ ក្រោយពីចេញពីមន្ទីរពេទ្យ៕ ដោយ៖ មេន
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។