បើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានៅមានប្រសាសន៍ថ្លែអោយដឹងថា៖ ថ្ងៃទី ៣០ ខែ មេសា នេះ គឺជាខួបនៃឆ្នាំទី ១៩ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩-៣០ មេសា ២០១៨) ដូចយើងបានដឹងហើយថា កម្ពុជាធ្លាប់បានឆ្លងកាត់សង្រ្គាមរាំរៃ និងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានបំផ្លាញអាយុជីវិតប្រជាពលរដ្ឋរាប់លាននានក់ និងបានបំផ្លាញប្រទេសជាតិស្ទើររលាយទាំងស្រុងកាលពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ ចាប់តាំងពីកម្ពុជាបានបង្រួបបង្រួមជាតិ និងមានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមទាំងស្រុង ព្រមទាំងបានផ្តល់ឱកាសគ្រប់យ៉ាងដល់ប្រជាពលរដ្ឋដើម្បីកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនមកទល់សព្វថ្ងៃ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានធ្វើអោយប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាន នៅថ្ងៃទី ៣០ ខែមសា ឆ្នាំ ១៩៩៩ ។ សព្វថ្ងៃនេះសហគមន៍អាស៊ានមាន១០ប្រទេសគឺ Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, Philippines, Singapore, Thailand, និង Vietnam ដែលមានប្រជាជនប្រមាណ ៦៤០លាននាក់។ ។ ពេលនេះអាស៊ានគឺជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មដ៏ធំបំផុត ដែលបូកថែមប្រទេសដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដូចជាប្រទេសចិន និងឥណ្ឌា ដែលមានប្រជាជនប្រមាណ ២,៦០០ លាននាក់។ នេះគឺមិនរាប់បញ្ចូលជាមួយប្រទេសដៃគូពាណិជ្ជកម្មមួយចំនួនទៀតផង។ តើកម្ពុជាចូលជាសមាជិកអាស៊ាន (ASEAN) មានផលប្រយោជន៍អ្វីខ្លះ? ១)ការមិនជ្រៀតជ្រែកប្រទេសផងគ្នា គឺអាស៊ានគ្មានបងតូច គ្មានបងធំ ហើយមិនលូកដៃចូលក្នុងប្រទេសជាសមាជិកដទៃទៀត។ ទន្ទឹមនឹងនេះ គឺមិនធ្វើសេចក្តីថ្លែងការពាក់ព័ន្ឋក្នុងរឿងផ្ទៃក្នុងរបស់ប្រទេសជាសមាជិកនីមួយៗ។ ប្រទេសសមាជិកទាំងអស់គឺមានសិទ្ឋិពេញលេញ និងស្មើមុខ ស្មើមាត់ដូចៗគ្នា។ ២)ស្មារតីសហគមន៍ គឺធ្វើការតាមកុងសង់ស៊ីស គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ ហើយដែលបានចែងច្បាស់នៅក្នុងធម្មនុញ្ញអាស៊ាន។ ប្រសិនបើរក កុងសង់ស៊ីសមិនទាន់បាន គឺត្រូវរក្សាទុកសិន ហើយត្រូវស្វែងរកចំណុចល្អរួមដែលអាស៊ានចង់បាន។ ៣)សមាហរណកម្មដែលជាឱកាសនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាកត្តាទាក់ទាញដ៏សំខាន់។ នៅឆ្នាំ ២០០០ គឺអាស៊ានបានដាក់ចេញនូវគោលនយោបាយកាត់បន្ថយគម្លាតរវាងប្រទេសអាស៊ានចាស់ នឹងប្រទេសអាស៊ានថ្មី ដែលភាគច្រើននៅតាមតំបន់ទន្លេមេគង្គមានដូចជា ប្រទេសឡាវ, ប្រទេសមីយ៉ាន់ម៉ា, ប្រទេសកម្ពុជា និងប្រទេសវៀតណាម ។ ស្មារតីអាស៊ាន គឺមិនត្រូវទុកអោយប្រទេសជាសមាជិកណាមួយនៅពីក្រោយទេ គឺត្រូវជួយជំរុញអោយមានការរីកចម្រើនទៅមុខទាំងអស់គ្នា។ ៤)ច្រកទ្វាចេញចូលនៃការទូតកម្ពុជាកាន់តែធំទូលាយនិងងាយស្រួលជាមួយអាស៊ាន។ ព្រោះអាស៊ានមានដៃគូច្រើន ហើយការចូលជាសមាជិករបស់កម្ពុជា គឺជាឱកាសពង្រីកកិច្ចទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសនិងដៃគូអាស៊ានទាំងអស់ ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ កម្ពុជាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងក្របខ័ណ្ឌអាស៊ាន ក្នុងការជួយជំរុញកិច្ចការអាស៊ានអោយដំណើរការទៅប្រកបដោយប្រសិទ្ឋភាព ដែលក្នុងនោះយើងមានរដ្ឋមន្រ្តីកម្ពុជា ៣រូបកំពុងទទួលបន្ទុកការងារនៅក្នុងអាស៊ានដូចជាៈ ១)សហគមន៍នយោបាយ និងសន្តិសុខ គឺទទួលបន្ទុកដោយ រដ្ឋមន្រ្តីក្រសួងការបរទេស។ ២)សហគមន៍វប្បធម៍ និងសង្គម គឺទទួលបន្ទុកដោយ រដ្ឋមន្រ្តីក្រសួងអប់រំ។ ៣)សហគមសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺទទួលកបន្ទុកដោយ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ កន្លងមកប្រទេសកម្ពុជាក៏ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានបាន២លើករួចមកហើយ គឺនៅឆ្នាំ ២០០២ និងឆ្នាំ ២០១២។ នៅឆ្នាំ ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានជាថ្មីម្តងទៀត។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ាន គឺប្រទេសយើងកំពុងទទួលបាននូវផលប្រយោជន៍ យ៉ាងច្រើនពីសហគមន៍ទាំងមូលដូចជា វិស័យពាណិជ្ជ សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។ អរគុណបងប្អូនជនរួមជាតិដែលតែតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿងទៅមុខ៕