រ៉ូហ្សេត បញ្ជាក់ថា សុខចិត្តនៅលក់ដូររកស៊ីធម្មតា ចិញ្ចឹមខ្លួនឯង ចិញ្ចឹមម្តាយខ្ញុំ មិនចូលរួមជាមួយគណបក្សណាដាច់ខាត !
ណារ៉ា
-

បើតាមប្រភពហ្វេសប៊ុកអតីតចៅសង្កាត់អូរចារកញ្ញា រ៉ូហ្សេត មុននេះបន្ដិចបានអោយដឹងថា៖ «យប់មិញនេះ ខ្ញុំបានបញ្ជាក់ប្រាប់អ្នក callមកខ្ញុំថា៖ ខ្ញុំសុខចិត្តនៅលក់ដូររកស៊ីធម្មតា ចិញ្ចឹមខ្លួនឯង ចិញ្ចឹមម្តាយខ្ញុំ មិនចូលរួមជាមួយគណបក្សណាដាច់ខាត ។ គ្មានប្រយោជន៍ទេដែលខិតខំទំនាក់ទំនងមកខ្ញុំ។ ហើយបើខ្ញុំចូលបក្សផ្សេងមែន ខ្ញុំក៏មនុស្សគ្មានប្រយោជន៍ដែល មិនអាចទៅទាក់ទាញនរណាបានឡើយ ពីព្រោះគេគាំទ្របុគ្គលខ្ញុំដោយសារទង្វើ និងភាពស្មោះត្រង់ជាមួយពលរដ្ឋ តែបើខ្ញុំកែក្បត់ពលរដ្ឋ ក្បត់ឆន្ទះដើមរបស់ខ្ញុំ នោះគេនឹងឈប់គាំទ្រខ្ញុំ ហើយខ្ញុំខ្លួនឯង ក៏បាននិងកំពុងទុកខ្លួនឯង ជាទំនិញ វត្ថុ សត្វដែរ ។

ខ្ញុំអាចរកស៊ីលក់ដូរ តាមរបៀបសាមញ្ញ ជាពលរដ្ឋធម្មតា ជាយុវជនដែលមានការទទួលខុសត្រូវ៖ ១- ទទួលខុសត្រូវចំពោះខ្លួនឯង ២-ទទួលខុសត្រូវចំពោះគ្រួសារ ៣-ទទួលខុសត្រូវចំពោះសង្គមជាតិ
ដូច្នេះជាចុងក្រោយខ្ញុំសូមបញ្ជាក់ម្តងទៀតថាមិនមែនខ្ញុំមិនត្រូវការសំភារ:ទំនើបប្រើប្រាស់ទេ ឬមួយមិនចង់បានលុយកាក់ បុណ្យស័ក្តិទេ ប៉ុន្តែរបស់ទាំងអស់នោះខ្ញុំនឹងខិតខំប្រឹងប្រែងដោយសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយមិនត្រូវការនរណារកអោយនាងខ្ញុំដាច់ខាត ហើយបើខ្ញុំពុំអាចមានសមត្ថប្រឹងប្រែងដោយខ្លួនឯង ក៏ខ្ញុំពុំស្តាយក្រោយដែរ ព្រោះខ្ញុំធ្លាប់ក្រ វេទនា រស់នៅមហាសែនលំបាករួចទៅហើយ តែអ្វីដែលខ្ញុំមិនអាចអោយបាត់បង់ទៅបាននោះគឺកិត្តិយស ដែលអ្នកម្តាយរបស់ខ្ញុំបានខិតខំពពោះ៩ខែ១០យ៉ាងលំបាក ដែលបង្កើតបានកូនស្រីពៅម្នាក់ អចឹង ខ្ញុំមិនអោយម្តាយរបស់ខ្ញុំអស់សង្ឃឹមទេ៕»
អត្ថបទបន្ថែម៖​ គួរឲ្យបារម្ភណាស់…រ៉ូហ្សេត ប្រាប់ថា៖ « មានមនុស្សដែលខ្ញុំមិនស្គាល់មករកខ្ញុំនៅហាង» ! កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ អតីតចៅសង្កាត់អូរចារកញ្ញារូបស្រស់ រ៉ូហ្សេត បានបង្ហោះសារគួរអោយព្រួយបារម្ភមួយក្រោយពេលមានមនុស្សចម្លែកមិនស្គាលមុខមករកនាងដល់ហាងលក់នំបញ្ចុកតែម្ដង ។
បើតាមហ្វេសប៊ុករបស់កញ្ញា រ៉ូហ្សេត បានរៀបរាប់ប្រាប់អោយដឹងថា៖ «ថ្ងៃនេះម៉ោង៤:៤៨នាទីល្ងាច មានមនុស្សដែលខ្ញុំមិនស្គាល់មករកខ្ញុំនៅហាង បុគ្គលិករបស់ខ្ញុំសួរថាអត់ពិសារអីទេ តែគាត់ឆ្លើយថាចង់ជួបខ្ញុំ ហើយជិះម៉ូតូចេញទៅវិញ គួរអោយចម្លែក ខ្ញុំមើលតាមកាម៉ារ៉ាសុវត្ថិភាពនៅហាងរបស់ខ្ញុំ ។
ខ្ញុំស្រី ជាអ្នកលក់នំបញ្ចុកធម្មតា នៅហាងតូចរបស់ខ្ញុំគ្មានបុរសទេ សូមកុំមករំខានខ្ញុំអី ។ សុំទោសបើភ្ញៀវល្អ តែបើមកមិនល្អ សូមអំពើល្អរបស់ខ្ញុំជួយតាមថែរក្សាខ្ញុំផង ។»