បុរសម្នាក់ជិះម៉ូតូទៅបុកជាមួយរថយន្តRange Roverត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យផ្លោងទៅបុករបងផ្ទះពលរដ្ឋបាក់ជើងម្ខាង
ណារ៉ា
-

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស៊ុយស៊ូគីស្មាសមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលបុករថយន្ដសេរីទំនើបម៉ាកRange Roverចំក្បាលរថយន្ដរួចផ្លោងទៅបុកផើងផ្កានិងរងបងផ្ទះប្រជាពលរដ្ឋរងរបួសបាក់ជើងម្ខាង(ធ្ងន់)ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៤០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួនផ្លូវលេខ២៤២កែងផ្លូបលេខ១១៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកRange Rover ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AS-3339បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៤២ទិសដៅពីលិចទៅកើត ហើយពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវបំបែកជាបួនរថយន្ដបានបន្ថយល្បឿនដែរ តែត្រូវម៉ូតូស៊ុយស៊ុយស៊ូស្មាសពាក់ស្លាកលេខភ្នំពេញ1J-3736 ជិះដោយបុរសម្នាក់ក្នុងល្បៀនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ទិសដៅពីត្បូងទៅជើងមិនប្រយ័ត្នក៏ជ្រុលបុកក្បាលរថយន្ដពេញទំហឹងរួចផ្លោងទៅបុកផើងផ្កានិងរបងផ្ទះប្រជាពលរដ្ឋបណ្ដាលអោយរងរបួសធ្ងន់។
 ប្រភពបានបន្តថា ក្រោយពីកើតហេតុភាគីខាងម្ចាស់រថយន្ដមានបំណងចង់បើករថយន្ដគេចខ្លួនតែពេលបើកបានប្រហែល៣០ម៉ែត្រវ៉ាក់ជាមួយរថយន្ដមួយគ្រឿងទើបប្រជាពលរដ្ឋនាំគ្នាជួយឃាត់បានតែម្ដង។ មួយសន្ទុះក្រោយមកទើបរថយន្ដសង្គ្រោះបន្ទាន់បានទៅយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្ដនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធីការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីដោះស្រាយតាមផ្លូវច្បាប់៕