នៅវិមានសន្តិភាព រសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ុយ រ៉េប្រាប៊ូ (Suresh Prabhu ) រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ លោក Suresh Prabhu បានជំរាបជូនសម្តេចតេជោ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានឆ្លងកាត់រយៈពេលជាយូរលង់ណាស់មកហើយតាំងពីសម័យដើម រហូតមកដល់សម័យទំនើប ហើយក្នុងដំណើរទស្សនកិច្ច របស់លោក មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីពិភាក្សាជាមួយនឹងប្រទេសទាំងបួន (CLMV)សំដៅស្វែងរកនូវកិច្ចសហប្រតិបត្តិការចំពោះអ្វីៗដែលបានធ្វើជាមួយគ្នា អំពីអ្វីដែលរីកលូតលាស់ជាមួយគ្នាតែម្តង ជាពិសេសនៅលើវិស័យឧស្សាហកម្មផ្សេងៗដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ចទាំងមូល ដូចជាវិស័យទេសចរណ៍ ដែលមានការពាក់ព័ន្ធ ជាមួយនឹងការហោះហើរត្រង់ និងលើវិស័យកែច្នៃ ស្វែងរកទីផ្សារដើម្បីជំរុញ ការលក់ផលិតផលកសិកម្ម ក៏ដូចជាវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ស្របជាមួយនឹងអ្វីដែល លោក Suresh Prabhu បានលើកឡើង ហើយសម្តេចបានមានប្រសាសន៍ថា ដំណើរទស្សនៈកិច្ច របស់លោក Suresh Prabhu មកកាន់កម្ពុជា នៅពេលនេះ សម្តេចសង្ឃឹមថា ទី១ លោក Suresh Prabhu នឹងបានធ្វើការជាមួយនឹងអាស៊ាន ពោលគឺកិច្ចសហប្រតិបត្តិការទាំងនោះនឹងអាចកើតមានដើម្បីធ្វើការជាមួយបណ្តាប្រទេស (CLMV)ដើម្បីជួយកាត់បន្ថយគន្លាតនៃការអភិវឌ្ឍរវាងបណ្តាប្រទេសជាសមាជិកអាស៊ានចាស់ និងសមាជិកអាស៊ានថ្មី, ទី២ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនោះ សម្តេចតេជោបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺពិតជាល្អ ដូចដែលលោក Suresh Prabhu បានលើកឡើងខាងលើ ហើយខាងវិស័យសេដ្ឋកិច្ចវិញ យើងក៏មានសក្តានុពលខ្ពស់។ ក្នុងន័យនេះ សម្តេចបានយល់ស្របទៅនឹងអ្វីដែលលោក Suresh Prabhu បានលើកឡើង គឺធ្វើយ៉ាងណាជួយជំរុញកម្ពុជា ជាពិសេសក្នុងការកែច្នៃផលិតផលកសិកម្មកម្ពុជា ក៏ដូចជាជំរុញស្វែងរកទីផ្សារសម្រាប់កសិផលរបស់កម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងការហោះហើរត្រង់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រសិនបើមានការហោះហើរត្រង់មែននោះ កម្ពុជាពិតជានឹងទទួលបាននូវកំណើនភ្ញៀវទេសចរណ៍កាន់ប្រទេសយើងកាន់តែច្រើនឡើងថែមទៀតជាក់ជាមិនខាន៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister