ភ្នំពេញ៖ ក្រោយការចូលរួម បោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ដ៏មានសារសំខាន់ ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ១៣ ជាគោលដៅទេសចរណ៍ របស់ពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។ នេះគឺជាឆ្នាំទី៥ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរ លើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយ ដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់ លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយ តំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។ នៅឆ្នាំ២០១៦ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានតាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ TripAdvisor ក៏បានបន្តផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ក្នុងឋានៈជាសំណង់ដ៏មានសារសំខាន់ ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតក្នុងលោក។ នេះជាមោទនភាពមួយ របស់ជាតិខ្មែរយើងទាំងមូល ដែលអង្គរវត្តរបស់កម្ពុជា ទទួលបានការគាំទ្រ ពីបណ្តាប្រជាជនជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រង រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវ ដល់សាធារណជនទាំងអស់ បន្តចូលរួមថែរក្សា ការពារនូវបេតិកភ័ណ្ឌរបស់ដូនតាយើង ឲ្យបានខ្លាំងក្លា ដើម្បីភាពគង់វង្សយូរអង្វែងតទៅ។ នេះបើយោងតាមការផ្សព្វផ្សាយ ពីគេហទំព័ររបស់អាជ្ញាធរអប្សរា នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨៕
ប្រភព៖ អាជ្ងាធរជាតិអប្សរា