ពលរដ្ឋថា ទូកដរឬស្សីចារ ក្រឡាប់ចូលទន្លេដោយសារទ្រទម្ងន់យីឌុបដឹកឈើ
ខេត្តក្រចេះ៖ ទូកចម្លង០១គ្រឿង បានក្រឡាប់ផ្កាប់មុខចូលក្នុងទឹកទន្លេ ដោយសារទ្រនឹងទម្ងន់ឡានដឹកឈើប្រភេទយីឌុប(V1) ០២គ្រឿង កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំនុចភូមិកែងកំដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារម្ចាស់ទូកដហ៊ានទទួលចម្លងឡានដឹកឈើយីឌុប(V1) ចំនួន០២គ្រឿង លើសទម្ងន់កំណត់ ព្រោះតែទទួលលុយពីឡានដឹកឈើទាំង២នេះយ៉ាងច្រើន ពិសេសគឺលួចចម្លងនៅពេលយប់ខុស វេលាទៀតផង។ ពលរដ្ឋបន្តថា ការដឹកឈើតាមរថយន្តយីឌុបខាងលើ គឺគេធ្វើការដឹកចេញពីព្រៃឡង់ និងព្រៃសហគមន៍ក្បែរៗតំបន់ព្រៃឡង់ ដោយកាត់មុខបរិស្ថាន និងសមត្ថកិច្ចមេព្រៃ កម្លាំងការពារគ្រប់ប្រភេទ រហូតធ្លាយដល់កំពង់ចម្លងកែងកំពង់ដ បំរុងឆ្លងទៅត្រើយខាងកើត ស្ថិតនៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី។ ចម្លងមួយនេះជាកម្មសិទ្ឋរបស់លោក ភិន បូផាន់ និងប្រពន្ធឈ្មោះ អ៊ុន ហ៊ីម រស់នៅសង្កាត់ក្រចេះ ក្រុងក្រចេះ មានកូនប្រុសឈ្មោះ រ៉ាវី ជាអ្នកមើលការខុសត្រូវ។ យ៉ាងណាក៏ដោយ នគរបាលមូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍ក្រឡាប់ទូកដរចម្លងយប់មិញនេះមិនបានបង្កឲ្យមនុស្សរងគ្រោះថ្នាក់ទេ ពិសេសផ្អែកតាមអះអាងរបស់តៃកុងដរចម្លង និងតៃកុងឡានយីឌុប។ សូមបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍បញ្ជាក់ថា រថយន្តយីឌុបខាងលើដឹកឈើប្រភេទអ្វីនៅឡើយទេ ដោយគេឃើញតែកង់ឡានឡឹមៗផុះពីទឹក តែប៉ុណ្ណោះ៕ ប្រភពៈ អេអិនអិន / ANN
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។