ប៉ូលីសទំនើងដែលវាយយុវជនម្នាក់ឲ្យរបួសធ្ងន់ ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ចូនទៅតុលាការ
-

ភ្នំពេញ៖ សមត្ថកិច្ចព្រហ្មទណ្ឌក្រសួង មហាផ្ទៃនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះបានបញ្ជូនខ្លួនមន្ត្រីប៉ូលិសម្នាក់ ក្នុងចំណោមបក្ខពួកមួយក្រុមដែលប្រើអំពើហឹង្សាទៅលើជនរងគ្រោះកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវីធី ។

សមត្ថកិច្ចបានអោយដឹងថា មន្ត្រីប៉ូលិសដែលឃាត់ខ្លួនឈ្មោះ សុន ពិសាល អត្តលេខ ៧៤៨៤០ ឋានន្តរស័ក្តិព្រិន្ទបាលឯក ជានាយរងផ្នែកបន្ទប់ពិសោធន៍នៅនាយកដ្ឋាននគរបាលបច្ចេសទេសនិងវិទ្យាសាស្រ្ត ស្នាក់ផ្ទះលេខ២៦៣បេ ផ្លូវ២៦១ សង្កាត់ទឹកកក់២ ខណ្ឌទួលគោក ។ ចំណែកបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន ។
ដោយឡែកជនរងគ្រោះឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួររំលឹកថា កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដែលមានសមត្ថកិច្ចមួយក្រុមគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ បានចាប់ និងវាយយុវជនម្នាក់ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា ហើយបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន៕
ដោយ៖ ភារ៉ា