ផ្ងើរជូនចំពោះអ្នកដែលចូលចិត្តលក់ផលិតផលគ្មានស្តង់ដារ...មន្ត្រីកាំកុងត្រូល សហការជាមួយនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសម្អាងក្លែងក្លាយ យីហោ "MHC Skin Care" អត់មាន....
ភ្នំពេញ៖ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងជាច្រើននាក់ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសម្អាង ដែលមានយីហោ MHC Skin Care អត់ច្បាប់មួយកន្លែង ដោយដកហូតបានគ្រឿងសម្អាងក្លែងក្លាយ សរុប១.១៤៣គីឡូក្រាម នៅចំណុចផ្ទះលេខ៤F ផ្លូវបេតុង ក្រុម៣ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យជាក់ស្តែង នៅចំពោះមុខម្ចាស់ហាង ឈ្មោះ គឹម ហ៊ង ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកព្រះធាតុ ខេត្តកំពង់ចាម និងបានដកហូតគ្រឿងសម្អាងចម្រុះដែលលាយរួច, សម្បកវេចខ្ចប់, វត្ថុធាតុផ្សំសម្រាប់លាយចេញជាគ្រឿងសម្អាង និងគ្រឿងសម្អាងចម្រុះជាច្រើនប្រភេទ សរុបទាំងអស់១.១៤៣គីឡូក្រាម។ សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំកម្លាំងដោយឧត្តមសេនីយ៍ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការចូលរួម ពីសំណាក់លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ លោក ឃ្លាំង សាម៉េត ប្រធានការិយាល័យនិយ័តកម្ម (ក្រសួងសុខាភិបាល) វរសេនីយ៍ឯក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា លោក ឡុង សុជាតិ ក្រឡាបញ្ជី និងមានការចូលរួមពីសំណាក់ មន្ត្រីនគរបាលមូលដ្ឋានផងដែរ។ ចំពោះវត្ថុតាងខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន សម្រេចប្រមូលយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំខ្លួនស្ត្រីជាម្ចាស់ហាងទៅធ្វើការសាកសួរបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ និស្ស័យ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។