ស៊ែរអំពើល្អ...អាវុធហត្ថខណ្ឌចំការមនបាននាំក្មេងប្រុសវង្វេងផ្លូវរហូតបានជួប...
ណារ៉ា
-

នៅពេលដែលក្មេងវង្វេងផ្លូវ ជួបកម្លាំងឈរជើងការពារគោលដៅ របស់អាវុធហត្ថរាជធានីភ្នំពេញ! នៅម៉ោង១៦:៥នាទីថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវនរោត្តម កែង ផ្លូវ៣៨០ កម្លាំងអាវុធហត្ថ ខណ្ឌ ចំការមន នៃរាជធានីភ្នំពេញ បានកំពុងឈរយាមគោលដៅរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏បានឃើញក្មេងប្រុសម្នាក់ អាយុប្រហែល៥ទៅ៦ឆ្នាំ ដើររេរាបំណងឆ្លងផ្លូវ ពេលនោះសមត្ថកិច្ចអាវុធហត្ថ បានចូលទៅជួយនាំប្អូនប្រុសឆ្លងផ្លូវ និងបាន សួរទៅប្អូនប្រុសថា៖ - អូនតូចចង់ទៅណា? ប្អូនប្រុសឆ្លើយថា៖ អូនចង់ទៅផ្ទះ! - ផ្ទះអាអូននៅឯណា? ប្អូនប្រុសឆ្លើយថា៖ អត់ដឹងផង! - ចុះអូនមកពីណា? ប្អូនប្រុសឆ្លើយថា៖ មកពីកន្លែងម៉ាក់លក់បាយ! - ម៉ាក់លក់បាយនៅឯណា? ប្អូនប្រុសឆ្លើយថា៖ អត់ដឹងផង! - ចុះប៉ាអូននៅឯណា? ប្អូនប្រុសឆ្លើយថា៖ ប៉ានៅធ្វើការ! - ប៉ាធ្វើការនៅឯណា? ប្អូនប្រុសឆ្លើយថា៖ អត់ដឹងផង! - ចុះអូនស្គាល់លេខទូរស័ព្ទប៉ាម៉ាក់ទេ? ប្អូនប្រុសឆ្លើយថា៖ អត់ស្គាល់ផង! - ចុះអូនមកពីផ្ទះតាមផ្លូវណា? ប្អូនប្រុសឆ្លើយថា៖ មកតាមស្ពានអំពៅ! នៅទីបំផុតអាវុធហត្ថខណ្ឌចំការមន ក៏បាននាំប្អូនប្រុសទៅកាន់ស្ពានច្បារអំពៅ និងសួរផ្លូវតាមការចំណាំរបស់ប្អូនប្រុស រហូតបានជួប អ្នកស្គាល់ ជួយទាក់ទៅគ្រួសារប្អូនប្រុស ហើយអាវុធហត្ថក៏បានជូនប្អូនប្រុស ទៅជួបឪពុកម្តាយ នៅភូមិ តាង៉ៅ សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ។ ប្អូនប្រុស ឈ្មោះ លឹម ហ័រសៀង អាយុ០៦ឆ្នាំ មានឪពុក ឈ្មោះ លីម សៀម ម្តាយ ឈ្មោះ គុំ ចាន់ធី ។ #PhnomPenhGRK