យុវតីពីរនាក់ បម្រុងបត់ម៉ូតូមកខាងស្តាំដៃ ក៏ជ្រុលចង្កូតឆ្លងគន្លងផ្លូវ ហួសទៅបុករថយន្ត១គ្រឿង បណ្តាលឲ្យ...
-

ព្រៃវែង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូមួយគ្រឿង បម្រុងបត់ម៉ូតូមកខាងស្តាំដៃ ក៏ជ្រុលចង្កូតឆ្លងគន្លងផ្លូវហួសទៅបុករថយន្ត១គ្រឿង បណ្តាលឲ្យយុវតីពីរនាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នេះនៅលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៤-៧៥ ស្ថិតក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង។

បើតាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C-0567 បើកបរដោយឈ្មោះ វៃ ស្រីនួន អាយុ១៦ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ណាំ នាថ ភេទស្រី អាយុ១៦ឆ្នាំ។ អ្នកទាំង២នាក់នេះ រស់នៅភូមិកើតហេតុខាងលើ ធ្វើដំណើក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ បម្រុងបត់ម៉ូតូមកខាងស្តាំដៃ ក៏ជ្រុលចង្កូតឆ្លងគន្លងផ្លូវហួសទៅបុករថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AN-1896 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ រងរបួសជាទម្ងន់។
ក្រោយពេលកើតហេតុ អ្នករងរបួសទាំង២នាក់ ត្រូវបានគេដឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ និស្ស័យ