គណៈកម្មការវត្ត ទួលពង្រយកក្រដាសប្រាក់ ១០០រៀលជាង ៥០ម៉ឺនរៀលទៅបង់ថ្លៃភ្លើង តែខាងអគ្គិសនី បដិសេធមិនទទួលយក គាត់ថាបោះពុម្ពមកធ្វើអីចឹង? បើយោងតាមគណនីហ្វេសប៊ុក លោកតា ម៉េង ដែលជាគណៈកម្មាធិការ វត្តទួលពង្រ បានហួសចិត្ត និងមានអាម្មរណ៍ថាមិនពេញចិត្តសោះ ទាក់ទងនឹងរឿងមួយ ខណៈលោកតា យកក្រដាសប្រាក់ជាង ៥០ម៉ឺនរៀល ប្រមូលផ្តុំដោយក្រដាសប្រាក់ ១០០រៀល ដើម្បីទៅបង់ភ្លើង តែត្រូវអគ្គីសនីកម្ពុជា បដិសេធមិនទទួលយកលុយនោះឡើយ ដោយលោកបង្ហោះឡើងលើគណនីហ្វេសប៊ុកថា ៖ វត្តទួលពង្រ ភូមិស្វាស យកប្រាក់ក្រដាសមួយរយរៀលទៅបង់ភ្លើង ចំនួន ៥១៩៧០០រៀល គេអត់យក វេចលុយមកវត្តវិញខ្មាសគេណាស់.... ជាមួយគ្នានោះលោកបានចោទជាសំណួរថា «តើធនាគារជាតិបោះពុម្ពលុយ ១០០រៀល មកធ្វើអ្វី?» ទាក់ទិនរឿងនេះ មជ្ឈដ្ឋានទូទៅបានលើកឡើងស្រដៀងៗគ្នាថា «មិនគួរណាអគ្គីសនីកម្ពុជាមិនទទួលអញ្ចឹងទេ! ក្នុងប្រទេសខ្មែរ មិនឲ្យចាយលុយរៀលតើឲ្យចាយលុយអ្វីទៅ?»។ រីឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Chhorvorn Chhorn» បានបញ្ចេញយោបល់ក្នុងនាមជាអ្នកសម្របសម្រួលថា «រឿងនេះដឹងថាខាង EDC ខុសហើយ តែយើងគួរគិតផងថាវាសមអត់ទេ កន្លែង EDC មមាញឹកណាស់ ហើយបុគ្គលិកក៏មិនច្រើនដែរមិនអាចមករាប់តែលុយយើងបានទេ»។
ប្រភព៖ ហេងលី