ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប។ គម្រោងសាងសង់ឡើងវិញ កំណាត់ផ្លូវជាតិលេខ៦នេះគឺឆ្លងកាត់ខេត្តចំនួន៣រួមមាន ខេត្តកំពង់ចាម ប្រវែង ៤៣.៩៨គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤.២៥គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែង ៦០.៣០គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះដែរ ក្នុងឱកាសនេះ សម្ដេចបានថ្លែង ទាក់ទងនឹងរឿងអាស្រូវ លោក ស្រិល វណ្ណា និង នាង លីតា ដែលកំពុងកក្រើកទូទាំងប្រទេស គឺសម្ដេច មិនគាំទ្រឡើយ នូវការផ្សាយពី លោក ផែង វណ្ណៈ ដែលមានទំនោរ (ទោរ) ទៅខាង លោក ស្រិល វណ្ណា ហើយ លោក ខណ្ឌ ច័ន្ទសុផល ផ្សាយមានទំនោរ (ទោរ) ទៅខាង នាង លីតា គឺសូមឲ្យអ្នកទាំងពីរបញ្ចប់ត្រឹមប៉ុណ្ណឹង ទុកគេឲ្យដោះស្រាយគ្នាទៅតាមផ្នែកច្បាប់ចុះ។ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បាននិយាយបែបនេះហើយ លោកផែង វណ្ណៈ ក៏បានសំទោស សម្តេចតេជោ ហ៊ុន សែន ថា "ឪពុកស្ដីប្រដៅកូនជារឿងធម្មតា ខ្ញុំបាទសូមអភ័យទោសសម្ដេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងដោយអចេតនាអំពីករណីលោក ស្រិល វណ្ណា និង ករណីផ្សារផល្លាររាត្រីអង្គរ៥ ខេត្តសៀមរាប ។ ខ្ញុំបាទសូមគាំទ្រ និងទទួលយកទាំងស្រុងចំពោះមតិណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ដោយខ្ញុំបាទនឹងមិនបន្តការផ្សាយអំពីរឿងទាំង២នេះតទៅទៀតទេ ។ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ។ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ផែង វណ្ណៈ ! ស្រិល វណ្ណា និង នាង លីតា សម្ដេច បានថ្លែងបន្តថា លោក ផែង វណ្ណៈ និង ខណ្ឌ ច័ន្ទសុផល គឺស្ថិតនៅក្នុងជួរយោធា ទាំងពីរនាក់ និងបានព្រមានដកចោល ប្រសិនបើនៅតែបន្តរឿងអាស្រូវនេះ បើទោះបីជាពាក់លោកខែ ក៍ត្រូវតែដកដែរ។