ឃាត់ខ្លួនបុរសម្នាក់ ដែលបានយកសំរាមចាក់តាមផ្លូវថ្នល់បង្ហូរតាមទឹកភ្លៀង មកធ្វើកិច្ចសន្យា អោយឈប់ធ្វើទង្វើបែបនេះទៀត
ភ្នំពេញ៖ បុរសម្នាក់ដែលយកសំរាមចាក់តាមផ្លូវថ្នល់បង្ហូរតាមទឹកភ្លៀង នៅខេត្តកំពង់ចាម បានចូលខ្លួនមកសារភាពទទួលកំហុសហើយ បន្ទាប់ផ្អើលពេញFacebook កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ លោក ព្រំ ធឿន មុខរបរប៉ះកង់ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានចូលខ្លួនមកសារភាព និងទទួលកំហុស នៅការិយាល័យបរិស្ថានក្រុងកំពង់ចាម ដោយលោកបានយកសំរាមចាក់ពង្រាយតាមទឹកភ្លៀង ពេលដែលមានភ្លៀងធ្លាក់មួយមេធំ កាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ដែលសកម្មភាពនេះបានបង្កឱ្យមានការកកស្ទះលូ និងជាទង្វើ មិនល្អនៅក្នុងសង្គម។ យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។
លោក ព្រំ ធឿន ក៏បានធ្វើកិច្ចសន្យានិងបញ្ឈប់ចាក់សំរាមតាមទីសាធារណៈ ជាពិសេសតាមប្រព័ន្ធលូបង្ហូរទឹកនៅពេលដែលមានភ្លៀងធ្លាក់ និងសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទុក ដាក់សំរាមឱ្យបានត្រឹមត្រូវទាំងអស់ គ្នា។ ក្នុងឱកាសនោះដែរ លោកអភិបាលក្រុងកំពង់ចាម ក៏បានសំណូមពរ ដល់លោក ព្រំ ធឿន ត្រូវអនុវត្តតាមកិច្ចសន្យា រួមទាំងប្រជាពលរដ្ឋទាំងអស់ចូលរួមទុកដាក់សំរាម ឱ្យ បានត្រឹមត្រូវ ដើម្បីជៀសវាងការកកស្ទះប្រព័ន្ធលូ ព្រោះថារដូវ នេះជារដូវមានភ្លៀងធ្លាក់។ យ៉ាងណាមិញ បើយើងអនុវត្តទម្លាប់ល្អនេះ ជាការរួមចំណែកជាមួយអាជ្ញាធរក្នុងកិច្ចគាំពារបរិស្ថាន ជាពិសេសគឺធ្វើឱ្យទីក្រុងគ្មានសំរាម និងមានសោភ័ណភាពស្អាត។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។