ភ្នំពេញ ៖ បើយោងតាមគណនីហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា "ពុទ្ធោអើយ បាយក្ដាំងពិសេសចំនួន៣ទីតាំងគ្មានច្បាប់ គ្មានអនាម័យបាយក្ដាំងដាក់នៅលើដី គ្មានគ្របហើយសត្វសុខុន៥ទៅ៦ក្បាលរត់ចុះរត់ឡើង ពេលយប់ត្រូវសត្វកណ្ដុរធ្វើសមយុទ្ធទៀត ហាលខោអាវពីលើទៀត ហើយយកប្រេងកាកសំណល់មកបំពងទៀត នៅដីឡូត៍គ្មានលេខ ផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចឱ្យផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រង់ចាំធ្វើច្បាប់និងរៀបចំកន្លែងអោយមានសោភ័ណ្ឌភាពនិងមានអនាម័យត្រឹមត្រូវទើបអនុញ្ញាត្ដិអោយដំណើរការឡើងវិញ"។ កាលពីព្រឹកថ្ងៃទី១៥ មិថុនា ២០១៨ បានចុះទៅពិនិត្យទីតាំងឆាបាយក្ដាំងពិសេស ចំនួន៣ កន្លែង គ្មានច្បាប់អនុញាតិ និងគ្មានអនាម័យ កម្លាំងសមត្ថកិច្ចនគរបាលនាយដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដោយមានការសហការជាមួយមន្ត្រីជំនាញនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម។ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា ទីតាំងធ្វើ ឬឆាបាយក្តាំងពិសេសនោះមិនត្រូវបានគេផលិតបាយក្តាំងនៅទីនោះទេ គឺគ្រាន់តែជាកន្លែងទទួលទិញបាយក្តាំងមកពីខាងក្រៅ ហើយយកប្រេងដែលជាកាកសំណល់មកបំពង នៅដីឡូត៍គ្មានលេខ ផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក ឡុង ស្រេង បានបន្តទៀតថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯកចាន់ វ៉ាន់ធឿនប្រធាននាយកដ្ឋានឲ្យលោកដឹកនាំកម្លាំងសហការចុះទៅពិនិត្យទីតាំងឆាបាយក្ដាំងដាក់នៅលើដីគ្មានគ្រប ហើយត្រូវបានសត្វឆ្កែ៥ទៅ៦ក្បាលរត់ចុះរត់ឡើងកាត់លើបាយក្តាំងនោះក្នុងពេលយប់រួមទាំងត្រូវសត្វកណ្ដុរបានធ្វើសមយុទ្ធ និងមានកម្មករខ្លះបានយកខោអាវហាលពីលើនោះទៀត ។ ក្រោយពេលសមត្ថកិច្ចចម្រុះបានចុះទៅពិនិត្យទីតាំងនោះសមត្ថកិច្ចសម្រេចឲ្យផ្អាកអាជីវកម្មនោះជាបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើច្បាប់ និងរៀបចំកន្លែងឲ្យមានសោភ័ណ្ឌភាព និងមានអនាម័យត្រឹមត្រូវទើបអនុញ្ញាត្ដិឲ្យដំណើរការឡើងវិញ ។ សូមបញ្ជាក់ផងដែរថា ក្នុងនោះមន្ដ្រីជំនាញបានធ្វើការដកហូតយកទៅមន្ទីរពិសោធន៍ ពិនិត្យរកមើលកម្រិតមេរោគ និងសារធាតុគីមីហាមឃាត់ដាក់លើចំណីអាហារនោះ ។ នេះចាត់ទុកជាសារមួយសម្រាប់អ្នកនិយមទទួលទានបាយក្តាំង ពិសេសសម្រាប់ប្រជាពលរដ្ឋបានយល់ដឹងពីអនាម័យចំពោះអ្នកធ្វើបាយក្តាំងពិសេសនោះ ដើម្បីរក្សាការពារសុខមាលភាពលើអ្នកចូលចិត្តបាយក្តាំង ៕
ដោយ៖ ភារ៉ា