ស្ថានទូត​អាមេរិក ​បាននិយាយថា ថ្មយក​មកពីឋាន​ព្រះ​ច័ន្ទ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី១៨ ខែមិថុនានេះ
-

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​​ភ្នំពេញ​​បាន​ឲ្យ​ដឹងថា សំណាកថ្ម​ដែល​ត្រូវ​យក​មកពី​ឋាន​ព្រះ​ច័ន្ទ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី១៨ ខែមិថុនា ឆ្នាំ​២០១៨​ខាង​មុខ​ចាប់​ពី​វេលា​ម៉ោង​១០​ព្រឹក​ត​ទៅ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​ឲ្យ​ដឹងថា ថ្មឋាន​ព្រះ​ច័ន្ទ​ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ ១៩៧៣ ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​សំណាកថ្ម​ព្រះ​ច័ន្ទ “សុឆន្ទៈ” ដែល​ត្រូវ​បាន​នាំ​យកមក ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​អាប៉ូឡូ​លេខ ១៧ កាលពី​ខែ​ធ្នូ ឆ្នាំ១៩៧២។ ហើយ​ការ​ដាក់​តាំង​ថ្មឋាន​ព្រះ​ច័ន្ទ​នេះ គឺជា​ផ្នែក​មួយ​នៃ​ខួប​លើក​ទី១០០ ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ហើយ​សារមន្ទីរ​នឹង​បង្ហាញ​ទិដ្ឋភាព​ផ្សេងៗ​នៃ​របស់​ដែល​ខ្លួន​បាន​រក្សា​ទុកមក។
ក្នុង​ការ​តាំង​លើក​នេះ ថ្មឋាន​ព្រះ​ច័ន្ទ​ត្រូវ​បាន​ដាក់​បង្ហាញ ជា​មួយ​នឹង​ការពន្យល់ និង​ប្រវត្តិ​យ៉ាង​ក្បោះ​ក្បាយ។ ថ្ម​នេះ ត្រូវ​បាន​ធ្វើ​អំណោយ​ដល់​ប្រទេស​កម្ពុជា តាម​រយៈ​លោក Emory Swank ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក អមជា​មួយ​នឹង​លិខិត​មួយ​ច្បាប់​ពី​លោក​ប្រធានាធិបតី Nixon ប្រគល់​ជូន​ដល់​ឯកឧត្តម​បណ្ឌិត កែវ សង់​គីម រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា ឆ្នាំ ១៩៧៣។ ផ្នែក​មួយ​នៃ​លិខិត​នោះ​មាន​សេចក្តី​ថា «បើ​មនុស្ស​នៃ​ប្រជា​ជាតិ​ជា​ច្រើន​អាច​ធ្វើ​រួម​គ្នា​​ដើម្បី​សំរេចក្តីសុបិន​របស់​មនុស្ស​ជាតិ​នៅ​ក្នុង​អវកាស​បាន ជាការ​ពិត​ណាស់ យើង​អាច​ធ្វើ​រួម​គ្នា​​ដើម្បី​សំរេចក្តីសុបិន​របស់​មនុស្ស​ជាតិ​ដែល​ចង់​បាន​សន្តិភាព​នៅ​លើផែនដី​នេះ​បាន»។
ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​ផ្តល់​អាទិភាព​ដល់​កម្មវិធី និង​សកម្មភាព​ទាក់​ទង​នឹង​ផ្នែក​វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា វិស្វកម្ម និង​គណិត​វិទ្យា (STEM) ដើម្បី​ជំរុញ​ការអភិវឌ្ឍ​បន្ថែម​ទៀត​របស់​ប្រទេស​កម្ពុជា។ ហើយ​សង្ឃឹម​ថា ការ​តាំង​បង្ហាញ​នេះ​នឹង​ជំរុញ​ទឹក​ចិត្ត​អោយ​យុវជន​ចាប់​យកអាជីព​ដែល​ប្រើ​ជំនាញ STEM ៕
[caption id="attachment_73757" align="alignnone" width="620"]
In this July 16, 1969 photo, Neil Armstrong waving in front, heads for the van that will take the crew to the rocket for launch to the moon at Kennedy Space Center in Merritt Island, Fla. (AP Photo/File)[/caption]
ប្រភពៈ អេអិនអិន / ANN