កុំចេះតែហ៊ាន...បុរសម្នាក់ចាប់អោប ថើប អតីតគូដណ្តឹង ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ...
ភ្នំពេញ ៖ បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួន ក្រោយពីចាប់អោប ថើប អតីតគូដណ្តឹង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខបន្ទប់ជួលសង់ថ្មី ផ្លូវបេតុង ភូមិអូរបែក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
នារីរងគ្រោះឈ្មោះ ស៊ុន ចាន់រឿន អាយុ២៥ឆ្នាំ មុខរបរជាងដេរខោអាវ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអូរបែក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ជនសង្ស័យឈ្មោះ តាំង សុភិន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខែ្មរ មុខរបរបុគ្គលិកធនាគារបាងកក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអូរបែក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ បើតាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ជាគូរដណ្តឹងនឹងគ្នា ក្រោយមកជនសង្ស័យ និងជនរងគ្រោះ បានផ្តាច់ពាក្យវិញ ។ លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ពេលយប់ជនរងគ្រោះ និងគូរដណ្តឹងក្រោយ ឈ្មោះ អ៊ុក សុគាន់ កំពុងនៅក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែជនសង្ស័យបានដើរមកជិតបន្ទប់ជួលរបស់ជនរងគ្រោះ រួច យកជើងធាក់ទ្វារបន្ទប់របស់ជនរងគ្រោះ រួចដើរចេញទៅបាត់។ លុះដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាទៀបភ្លឺ ជនសង្ស័យបានធាក់ទ្វារបន្ទប់របស់ជនរងគ្រោះលើកទី២ ។ មកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៥និង៣០នាទី ជនសង្ស័យ បានមកធាក់ទ្វារបន្ទប់របស់ជនរងគ្រោះជាលើកទី៣។ ភ្លាមនោះ ជនរងគ្រោះបានងើបបើកទ្វារបន្ទប់មើល ស្រាប់តែជនសង្ស័យ ប្រើដៃរបស់ខ្លួនចាប់អោបថើបថ្ពាល់របស់ជនរងគ្រោះ។ ភ្លាមនោះគូរដណ្តឹងជនរងគ្រោះឈ្មោះ អ៊ុក សុគាន់ ឃើញ ក៏ស្ទុះមកចាប់បំបែកចេញ រួចក៏មានការប្រតាយប្រតប់គ្នា ហើយជនរងគ្រោះ និងគូរដណ្តឹង បានចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម យកទៅធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខដើម្បីកសាង សំណុំ រឿង បញ្ជួនទៅតុលាកានៅពេលក្រោយ ៕ ដោយ៖ និស្ស័យ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។