នារីវ័យក្មេងម្នាក់និងមិត្តភក្តិប្រុសស្រី២នាក់ទៀត បានបើករថយន្តបុកម៉ូតូកង់ឥណ្ឌា បណ្ដាលអោយក្រឡាប់ផ្ងាជើង ហើយព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចចាប់ជាប់
ភ្នំពេញៈ កាលពីម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៏ មួយរវាងរថយន្តបុកម៉ូតូកង់ឥណ្ឌា បណ្ដាលអោយក្រឡាប់ផ្ងាជើង ហើយម្ចាស់រថយន្តព្យាយាមបើករត់តែត្រូវសមត្ថកិច្ចចាប់ជាប់។ ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅផ្លូវមុនីវង្ស កែងនិងផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញនារីវ័យក្មេងម្នាក់ រួមដំណើរនិងមិត្តភក្តិប្រុសស្រី២នាក់ទៀត បើករថយន្តម៉ាស់ស្តារ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT-6002 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ផ្លូវបែកជាបួន បានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GR-8406 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅលិចទៅកើត កណ្តាលពេញទំហឹងបណ្តាលឲ្យម៉ូតូកង់បីឥណ្ឌាប៉ើងប្រមាណជាង៣០មែត្រក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រងរបួសស្រាល។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួន រហូតមកដល់ខាងលិចវិមានឯករាជ្យ ផ្លូវព្រះសីហនុ ទើបឃាត់រថយន្តបានយកមកកន្លែងកើតហេតុវិញ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។