ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាប់ប្លន់ ទៅលើជនរងគ្រោះ២នាក់ យកបានម៉ូតូNex១គ្រឿង ក្នុងសង្កាត់កាកាបទី២
-

ភ្នំពេញៈ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណី កាប់ប្លន់យកម៉ូតូ Nex បានសម្រេច ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ២នាក់ យកបានម៉ូតូ១គ្រឿង ស្របពេលដែលសមត្ថកិច្ច កំពុងលង់លក់ក្នុងដំណេក។

ជនរងគ្រោះបានឲ្យដឹងថា ខ្លួនមានឈ្មោះ សួរ សិឡា អាយុ១៩ឆ្នាំ រស់នៅខេត្តព្រៃវែង។ នៅមុនពេលកើតហេតុ ខ្លួនបានឌុបសង្សារដើរលេង លុះដល់ម៉ោង៤ទៀបភ្លឺ ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវគ្រប់ដៃ មកធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូម៉ាក SUZUKI NEX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង 1L-0002 នៅចំណុចមុខព្រលានយន្តហោះ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ទី២ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានត្រឹមដឹកជនរងគ្រោះទាំង២នាក់ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប២ ដោយគ្មានសង្ឃឹមថា នឹងរកឃើញតែប៉ុណ្ណោះ៕