ធនាគារជាតិនៃកម្ពុជា បានប្រកាសផ្ដន្ទាទោស ពិន័យជាទឹកប្រាក់១០០ដង ដល់ជនណាដែល​ពុំព្រមទូទាត់ ឬទទួលយកប្រាក់រៀល នៅក្នុងប្រទេសកម្ពុជា
-

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានប្រកាសផ្ដន្ទាទោស ពិន័យជាទឹកប្រាក់១០០ដង ដល់ជនណាដែល​ពុំព្រមទូទាត់ ឬទទួលយកប្រាក់រៀល នៅក្នុងប្រទេសកម្ពុជា។ យោងតាមការប្រកាសតាមរយៈ Page Facebook ផ្លូវការរបស់ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងទៀតថា «យោងតាម មាត្រា៦៤ ចែងថា ជនណា ពុំព្រមទូទាត់ រូបិយវត្ថុដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោស ពិន័យជាប្រាក់ស្មើនឹង១០០ដង នៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ»។ យោងតាមច្បាប់ជាធរមាន ក្នុងករណីដែលជួបប្រទះនូវបញ្ហាមិនទទួលឬប្រើប្រាស់ប្រាក់រៀលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋកម្ពុជាអាចប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដោយភ្ជាប់មកជាមួយនូវភស្តុតាងចាំបាច់នានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា មាត្រាទី៤៣ បានចែងថា ”ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់និងកាសដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែនចំពោះក្រដាសប្រាក់ និងមានព្រំដែនចំពោះកាសក្នុងលក្ខខណ្ឌកំណត់ដោយធនាគារកណ្តាល។” ។

ប្រភព៖ ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia