មន្ត្រី​មន្ទីរកុងត្រូល ​ខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ និង​ទំនិញ​តាម​ទីផ្សារ​នានា ក្នុង​ក្រុងប៉ៃលិន រកឃើញនិង​ដកហូត ​ផលិតផល​ ហួស​កាលបរិច្ឆេទ​ មួយចំនួនធំ​
-

ខេត្ត​ប៉ៃលិនៈ​ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ សាខា​កាំកុងត្រូល ​ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ និង​ទំនិញ​តាម​ទីផ្សារ​នានា ក្នុង​ក្រុងប៉ៃលិន រកឃើញ និង​ដកហូត​ផលិតផល​ហួស​កាលបរិច្ឆេទ​មួយចំនួនធំ​។

លោក គិត សុ​វណ្ណា អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ការចុះ​ត្រួតពិនិត្យ​ទំនិញ​នាពេលនេះ​គឺ​តាម​ការចង្អុលបង្ហាញ​ពី​លោក ឈិ​ម វាសនា ប្រធាន​សាខា​កាំ​កុង​ត្រូវ​ ខេត្ត​ប៉ៃលិន ដើម្បី​គិតគូរ​ពី​សុខភាព​ប្រជាពលរដ្ឋ ពិសេស​ត្រួតពិនិត្យ​ ចំណីអាហារ​ ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​ឈឺពោះ រាគ ក្អួត ហើយ​បើ​ព្យាបាល​មិនទាន់​ពេល​ទេ វា​អាចធ្វើ​ឲ្យ​យើង​ស្លាប់​បាន ជាពិសេស​កុមារ​តូចៗ​។​
​ជាមួយគ្នា​មន្ត្រី​កាំកុងត្រូល​បានបញ្ជាក់​ថា ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ទំនិញ​នាពេលនេះ យើង​បាន​រឹបអូស​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព មួយចំនួន​ដូចជា​៖ ទឹកដោះគោ ៣៣​ប្រអប់​ ស្ករ​គ្រាប់​១៥​កញ្ចប់​ ទំពាំងបាយជូ​ក្រៀម​១៥​កញ្ចប់​ ដំណាប់​៣​កំប៉ុង​ នំ​ស្រួយ​១​កញ្ចប់​ មី​០៧​កំប៉ុង​ ភេសជ្ជៈ​០៧​កំប៉ុង​ សណ្តែកដី​០៣​កំប៉ុង និង​ទឹកខ្មេះ​រូប​ទន្សាយ​០៧​ដប​។ ​ផលិតផល​ទាំងនេះ​នឹងត្រូវ​យកទៅ​កម្ទេចចោល​ទាំងអស់៕​
ប្រភពៈ ANN