លោក ផែង វណ្ណៈ បង្ហោះសារ ពិបាកចិត្ត ដែលរូបលោកមិនអាចជួយដល់ពុក ម៉ែ បង ប្អូនបាន...
-

កាលពីប៉ុន្មានម៉ោងមុននេះ លោក​ ផែង វណ្ណៈ បានបង្ហោះសារ ពិបាកចិត្តមួយទាក់ទងនឹង​ដីធ្លី ដែលជាហេតុធ្វើឲ្យមានភាពតឹងតែងក្នុងអារម្មណ៍ជាខ្លាំង បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនបានធ្វើការតេមករូបលោក ឲ្យជួយដោះស្រាយ តែរឿងនេះមានតែផ្នែកច្បាប់តែប៉ុណ្នោះដែលអាចជួយដល់ពុកម៉ែ បងប្អូនបាន ព្រោះថាលោកគ្មានតួនាទីភារកិច្ចអ្វីពាក់ព័ន្ធនឹងការដោះស្រាយរឿងជម្លោះដីធ្លីទេ។

ដោយសារតែភាពតឹងតែងក្នុងចិត្តខ្លាំងពេក ដែលគ្មានវិធីអាចជួយដល់ពុកម៉ែ បងប្អូនបាននោះ លោកក៏បានបង្ហោះសារមួយថា "ខ្ញុំគ្មានតួនាទីភារកិច្ចអ្វីពាក់ព័ន្ធនឹងការដោះស្រាយរឿងជម្លោះដីធ្លីទេ​ ។​ ប៉ុន្តែក្នុងមួយថ្ងៃៗ​មានប្រជាពលរដ្ឋមិនតិចជាង​ ៥០​ នាក់ទេ​ បានទូរស័ព្ទមកប្ដឹងខ្ញុំ​អោយខ្ញុំជួយ​ដោយពួកគាត់អះអាងថារងគ្រោះដោយអយុត្តិធម៌បំផុត​ ។​ មានពលរដ្ឋខ្លះនិយាយថា​ ដីគាត់មានប្លង់រឹងហើយ​ នៅតែគេឃុបឃិតធ្វើឯកសារក្លែងក្លាយយកដីទៅទាំងភ្នែកស្រស់​ ។​ មានអ្នកខ្លះមានប្លង់រឹងនៅភូមិ​ ក​ យកមកគ្របដណ្ដប់លើដីពលរដ្ឋនៅភូមិ​ គ​ ក៏មាន​ ។​ ពេលស្ដាប់ការរៀបរាប់របស់ប្រជាពលរដ្ឋភាគច្រើន​គេអាចសន្និដ្ឋានបានថា​ ជម្លោះដី​ធ្លីភាគច្រើនកើតឡើងដោយសារតែ​មានការឃុបឃិតគ្នារវាងឈ្មួញដី​ និង​ អាជ្ញាធរ​មូលដ្ឋានខិលខូចខ្លះសហការជាមួយ​មន្ត្រីសូរិយោដីខិលខូច​ខ្លះ រៀបចំឯកសារ​ក្លែងយកដីពលរដ្ឋស្លូតត្រង់តែម្ដង​ ។​ ខ្ញុំពិតជាសោកស្ដាយណាស់ដែលខ្ញុំមិនអាចជួយប្រជាពលរដ្ឋរងគ្រោះខ្លះមិនបាន​ ដោយខ្ញុំមានលទ្ធភាពត្រឹមតែផ្ដល់យោបល់ជូនពួកគាត់អំពីផ្លូវច្បាប់អោយពួកគាត់យល់ដឹងខ្លះតែប៉ុណ្ណោះ​"៕
ប្រភព៖ Vannak Pheng