ខ្លាំងបាត់...បុរសម្នាក់ស្រវឹងស្រា បើកបុករថយន្តមួយគ្រឿងទៀត ពេលសមត្ថកិច្ចទៅសួរនាំ បានដកកាំភ្លើងភ្ជង់ទៅលើសមត្ថកិច្ចតែម្តង....
-

ភ្នំពេញ​ ៖​ កាលពីថ្ងៃទី ២៥​ មិថុនា ២០១៨វេលាម៉ោង ១៧និង ១០​ នាទី នៅចំណុច មុខក្លោងទ្វារវិទ្យាល័យ ផ្សារដើមថ្កូវខាងត្បូង ផ្លូវ ៤៨៨​ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ លោកវរសេនីយឯក​ យិន​ សាន​ អធិការ​នគរបាលខណ្ឌចំការមន​ បានអោយដឹងថា​ សមត្ថកិច្ចនគរបាលខណ្ឌ​ បានឃាត់ខ្លនបុរសម្នាក់ ដែលបានបង្កគ្រោះថ្នាក់​ចរាចរណ៍ និងដកអាវុធខ្លី ភ្ជង់គំរាម មកលើសមត្ថកិច្ចនគរបាល។

បើយោងតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ បុរសឈ្មោះ ម៉ៅ ច័ន្ទរស្មី បានបើករថយន្ដរបស់ខ្លួនម៉ាក higlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9766 ឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស អាយុ ៤១​ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៤អ៊ឺ​ ផ្លូវ ២១៧​ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរអនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅដ្ឋាន​ បុកគូថ​រថយន្តមួយគ្រឿងម៉ាក prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-1914 ដែលបើកបរដោយឈ្មោះ ហ៊ុន សំសែនឧត្តម ភេទប្រុស អាយុ 35 ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ដែលបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច តែពេលនោះ ជនសង្ស័យពុំបានចុះពីលើរថយន្តមកដោះស្រាយទេ រួចដេកលក់នៅក្នុងរថយន្ដតែម្ដង ។
ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ និងដោយបានការសំណូមពរពីខាងភាគីម្ខាងទៀត នគរបាលយើង បានគោះ កញ្ចក់ រថយន្ត ជនបង្ក តែពេលនោះស្រាប់តែ ជនបង្ក បាន​ដកអាវុធខ្លីមួយដើមម៉ាក Beretta ពណ៌ទឹកប្រាក់ ភ្ជង់មកលើសមត្ថកិច្ចនគរបាលយើង រួចបើករថយន្តគេចខ្លួនរហូតដល់ផ្លូវ ១៦៣ ក្នុងសង្កាត់ទួលទំពូងទី ១​ ខណ្ឌចំការមន រាជធានីភ្នំពេញ តែត្រូវបាន​នគរបាលយើង ដេញតាមស្ទាក់ឃាត់បាន ជនសង្ស័យរួមនឹងវត្ថុតាងអាវុធខ្លីមួយដើមម៉ាកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាន​នគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ។ បច្ចុប្បន្នបុរសបង្ករបាននាំខ្លួនទៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ចាត់ការតាមផ្លូវច្បាប់​ ។ ដោយ៖នរា