ផឹកចំស្រាកាច់!!! បុរសម្នាក់ ដែលជាកម្មករ លើកគ្រឿងសំណង់ បានផឹកស្រាស្រវឹង រួចមកវាយប្រពន្ធកូន បណ្តាលឲ្យប្រពន្ធសន្លប់ និងកូនបែកក្បាល
-

ភ្នំពេញៈ កាលពីវេលាម៉ោង១០ៈ៤០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានហេតុការណ៍ភ្ញាក់ផ្អើល មួយដោយបុរសម្នាក់ដែលជាកម្មករលើកគ្រឿងសំណង់បានផឹកស្រាស្រវឹងរួចមកវាយប្រពន្ធកូន បណ្តាលឲ្យរងរបួស។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ស.ស.ភ អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនបង្កជាប្តីឈ្មោះ ហូ ចែមផូ អាយុ២៦ឆ្នាំ មុខរបរកម្មករលើកគ្រឿងសំណង់ ស្នាក់នៅជាមួយប្រពន្ធ មានស្រុកកំណើតនៅខេត្តតាកែវ។ តាមប្រភពព័ត៌មានពីនារីរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ទើបមកពីផឹកស៊ីនៅផ្ទះមិត្តភក្តិពេលមកដល់ផ្ទះ បានទៅផឹកស៊ីជាមួយអ្នកជិតខាងម្តងទៀត បណ្តាលឲ្យកាន់តែស្រវឹងខ្លាំង លុះមកដល់ផ្ទះបានវាយបំផ្លាញរបស់របរនៅក្នុងផ្ទះដូចជាឆ្នាំង ចាន បានបោកកម្ទេចចោលធ្វើឲ្យគាត់ជាប្រពន្ធខឹងប្តីរបស់ខ្លួនដែរ តែមិនហ៊ានដោយសារតែប្តីស្រវឹងឲ្យប្តីចូលដេក ពេលចូលដេកបានបន្តិចបានចេញទៅក្រៅឈ្លោះជាមួយអ្នកជិតខាង ហើយបានឡើងមកម្តងទៀត។ ស្រាប់តែប្តីយកខ្សែភ្លើងដែលបត់ជាច្រើនកំណាត់ទៅវាយប្រពន្ធដែលកំពុងដេក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរសន្លប់នៅក្នុងបន្ទប់ជួល និងបណ្តាលឲ្យវាយចំកូនប្រុសអាយុ៤ឆ្នាំ បែកក្បាលឈាមស្រោចពេញខ្លួន និង២នាក់ទៀតរបួសស្រាល ។