ទម្រង់សិល្បៈទាំង៧ ទម្រង់សិល្បៈទី១ ៖ សិល្បៈ ស្ថាបត្យកម្ម ជាសិល្បៈក្នុងការសាងសង់ប្រកបដោយការប្រកបដោយការតុបតែងតាមក្បួនខ្នាតនិងរចនាបថដែលសំដៅទៅលើសិល្បៈក្នុងការសាងសង់ឬតាក់ តែងលម្អតាមគំនិតរបស់ព្រះមហាក្សត្រក្នុងការស្ថាបនាប្រាសាទបុរាណ។ នៅក្នុងសម័យបុរាណ សិល្បៈស្ថាបត្យកម្មខ្មែរឡើងដល់កម្រិតកំពូល ហើយគេបានចែករចនាបថ ១៣ បែបផ្សេងគ្នា មានលក្ខណៈពិសេសៗខុសគ្នាទៅ តាមសម័យកាលមួយៗ ។ ត្រង់ពាក្យសិល្បៈស្ថាបត្យកម្មគឺសំដៅទៅលើការសាងសង់ផ្សេង ជំនាញហត្ថកម្មគ្រប់បែបយ៉ាងដែលមានសោភ័ណនិងប្រកបដោយសិល្ប៍ ពោលគឺធ្វើឱ្យមនុស្សគាប់ចិត្ដ គាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់ស្ដាប់ ជាដើម។ ទម្រង់សិល្បៈទី២ ៖ សិល្បៈចម្លាក់ ជាប្រភេទសិល្បៈចម្លាក់សូន្យរូបដែលមានរូបារម្មណ៍ចេញជារូបរាងនៅក្នុងអាកាសនិងមាឌ។ ហើយភាគច្រើនផ្សារភ្ជាប់ជាមួយនឹងសំណង់ស្ថាបត្យកម្ម។ សិល្បៈចម្លាក់ជាមរតកវប្បធម៌ដែលខ្មែរបានទទួលពីឥណ្ឌា នាដើមស.វទី១នៃគ.ស ការឆ្លាក់ និងបច្ចេកទេសឆ្លាក់រូបរបស់ជនជាតិខ្មែរ គឺជាកត្តាកំណត់ក្នុងការអប់រំ លម្អសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទនិងវត្តអារាមជាដើម។ ចម្លាក់ខ្មែរចែកចេញជា៣ប្រភេទ គឺចម្លាក់លឹប ឬក្រឡោត (Bas-relief), ចម្លាក់លៀន (Haut-relief), និងចម្លាក់លោត ឬមូល (Ronde-bose)។ នៅសម័យទំនើបនេះមានសិល្បៈចម្លាក់ឈើ និងគ្រឿងសង្ហារិម ដែលកំពុងពេញនិយម។ សិប្បកម្មចម្លាក់ និងគ្រឿងសង្ហារិមដែលធ្វើឡើងពីឈើប្រណិតៗក្នុងស្រុកខ្មែរ គេអាចទៅរកទិញស្ទើរគ្រប់កន្លែង។ ទម្រង់សិល្បៈទី៣៖ សិល្បៈគំនូរ ចែកចេញជាគំនូរមានទម្រតាមលក្ខណៈស្វ័យភាពរបស់ជាងគំនូរ និងសិល្បៈគំនូរសម្រាប់តុបតែងលម្អគូរភ្ជាប់នឹងសំណង់ស្ថាបត្យកម្ម។ សិល្បៈគំនូរ ជាសិល្បៈម្យ៉ាងដែលគេនិយម គូរតាងដំណើរសាច់រឿង អច្ឆរិយៈ ហើយបានបង្កប់នូវអត្តសញ្ញាណ និង អត្ថន័យយ៉ាងជ្រៅទៅតាមគំនិតយល់ដឹងរបស់អ្នកវិភាគ។ សិល្បៈគំនូរមាន គំនូរគូសវាស គំនូរបៀក គំនូរផាត់ពណ៌ ។ល។ ទម្រង់សិល្បៈទី៤៖ សិល្បៈតន្រ្តី ជាទម្រង់សិល្បៈ១ប្រភេទដែលប្រើប្រព័ន្ធរូបារម្មណ៍កើតចេញឡើងតាមរយៈភាពតំណគ្នាជាពិសេសការបន្លឺសំឡេងប្រកបដោយចង្វាក់ចុះឡើង។ ភ្លេង ឬ តន្រ្តីគឺជាសិល្បៈប្រភេទសំនៀង ជាលទ្ធផលដែលចេញមកពីបញ្ញាពលកម្ម និងហត្ថពលកម្មរបស់ មនុស្សដោយមានការរៀបចំយ៉ាងត្រឹមត្រូវ សម្រាប់យកមកបកស្រាយនូវមនោសញ្ចោតនារបស់មនុស្ស និង ត្រាប់បើសំឡេងធម្មជាតិតាមរយៈបទភ្លេង និង ចង្វាក់ភ្លេង។ ទម្រង់សិល្បៈទី៥៖ សិល្បៈ របាំ ជាទម្រង់សិល្បៈកាយវិការ អនុវត្តទៅតាមចង្វាក់បទភ្លេងដោយមនុស្សម្នាក់ ឬច្រើននាក់ដើម្បីជាការល្អមើលផង ពីរោះផង។ របាំជាលក្ខណៈពិសេសមួយរបស់វប្បធម៌ខ្មែរ ទាំងជាសកម្មភាពកម្សាន្ត និងជាសញ្ញារបស់វប្បធម៌ ប្រវត្តិសាស្ត្រ និងប្រជាជាតិ ។ ជនជាតិខ្មែរមានដានលំនាំរបាំតាំងពីមុនសម័យអង្គរ (សតវត្សទី៩-១៤) មកម្ល៉េះ ហើយតែងតែនិយាយពីរបាំថាជា ព្រលឹងនៃប្រជាជន។ យោងទៅតាមសិលាចារឹក ពីសតវត្សទី១២ មាតារបស់ប្រជាជនខ្មែរ គឺឈ្មោះមេរា ដែលជាអប្សរា (ស្រីសួគ៌)។ របៀបរាំជាច្រើន មានរួមបញ្ចូលទាំងការរាំកម្សាន្តជាក្រុម របាំប្រពៃណីតាមតំបន់ និងរបាំបុរាណនិងការរាំក្នុងល្ខោន ដែលលេងពីរឿងព្រេងបុរាណ។ នៅក្នុងឯកសារ “ របាំខ្មែរ” របស់អ្នកនិពន្ធ ពេជ្រ ទុំក្រវ៉ិល ដែលត្រូវបានបោះពុម្ពឡើងនៅក្នុងឆ្នាំ២០០១ បានកត់ត្រាថា របាំខ្មែរមានចំនួនបីប្រភេទគឺរបាំក្បាច់បុរាណខ្មែរ របាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។ របាំក្បាច់បុរាណខ្មែរ គេអាចហៅម៉្យាងទៀតថា របាំព្រះរាជទ្រព្យ ដែលក្នុងនោះមានដូចជា របាំជូនពរ របាំទេពមនោរម្យ របាំអប្សរា របាំរាមលក្ម្សណ៍ ជបលក្ម្សណ៍ របាំមុនីមេខឡា និងរបាំសុវណ្ណមច្ឆា ជាដើម។ របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិនៃ អង្គការយូនីស្កូ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៣។ របាំប្រពៃណីខ្មែរ គឺសម្គាល់របាំទាំងឡាយណាដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូល ដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ របាំប្រពៃណីដែលអ្នកនិពន្ធបានរកឃើញ មានចំនួន៤០ ប្រភេទដែលមានដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិននិងរបាំបេះក្រវាញ ជាដើម។ ចំពោះរបាំប្រជាប្រិយខ្មែរវិញ គឺជាប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងប្រទេស ដែលមានដូចជា រាំវង់ រាំក្បាច់ និងសារ៉ាវ៉ាន់ ជាដើម។ ទម្រង់សិល្បៈទី៦៖ អក្សរសិល្ប៍ គឺជាអត្ថបទរឿងដែលតុបតែងឡើងប្រកបដោយ សិល្ប៍នៃភាពប៉ិនប្រសប់ក្នុងការតាក់តែរបស់អ្នកនិពន្ធ ដែលធ្វើឱ្យអ្នកអាន អ្នកស្តាប់ចូលចិត្តចាប់អារម្មណ៍ ឬ មានការរំភើបញាប់ញ័រតាមដំណើរនៃសាច់រឿង។ គេចាត់ទុកអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម។ អក្សរសិល្ប៍មាន៣ផ្នែកធំៗ គឺ ៖ អក្សរសិល្ប៍ប្រជាប្រិយ៍ ៖ គឺជារឿងមួយដែលកើតឡើងដោយសារការនិយាយតគ្នា ពីមាត់មួយទៅមាត់មួយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីជំនាន់មួយទៅជំនាន់មួយ គ្មានឈ្មោះអ្នកនិពន្ធ គ្មានកាលបរិច្ឆេទត្រឹមត្រូទេ។ រឿងនេះបង្កើតឡើងដើម្បីអប់រំមនុស្សឲ្យនាំគ្នាសិក្សារៀនសូត្រមានចំណេះគ្រប់គ្រាន់សម្រាប់យកទៅទប់ទល់ជាមួយធម្មជាតិ ក្នុងបំណងយកឈ្នះធ្វើម្ចាស់លើធម្មជាតិ ។ អក្សរសិល្ប៍បុរាណ ៖ មានឈ្មោះអ្នកនិពន្ធមានកាលបរិច្ឆេទត្រឹមត្រូវ ។ អ្នកនិពន្ធតាក់តែងឡើង ដើម្បីទាក់ទាញ់មនុស្សឲ្យគោរពទៅលើសាសនាមានជំនឿស៊ប់ទៅលើសាសនា ។ អក្សរសិល្ប៍ទំនើបសម័យ៖ មានឈ្មោះអ្នកនិពន្ធមានកាលបរិច្ឆេទត្រឹមត្រូវ ។ អ្នកនិពន្ធបង្កើតឡើងនៅពេលមានកលយុគមានសង្គ្រាម មានការបែងចែកវណ្ណៈ មានការរំលោភឈ្លានពានពីប្រទេសណាមួយ។ ក្នុងដំណើរសាច់រឿងអ្នកនិពន្ធមានគោលគំនិតអប់រំឲ្យមនុស្សដែលជាអ្នកអាន អ្នកទស្សនាឲ្យមានអារម្មណ៍ ឈឺចាប់ មានស្មារតីភ្ញាក់រលឹក មានគំនិតរើបម្រាស់ មានគំនិតរួបរួមសាមគ្គី និង ហ៊ានលះបង់អ្វីៗទាំងអស់ ទាំងអាយុជីវិត ទាំងសេចក្តី សុខផ្ទាល់ខ្លួន នាំគ្នារួបរួមក្នុងចលនាតស៊ូប្រឆាំងនឹងខ្មាំសត្រូវ និង បរទេសឈ្លានពានដើម្បីស្វែងរកសិទ្ធ សេរីភាព និង ឯករាជជាតិ ។ ទម្រង់សិល្បៈទី៧ ៖ ភាពយន្ត កុន ជាសិល្បៈនៃការថតការសម្តែងសម្រាប់យកទៅបញ្ចាំងរូបភាពតាម ឈុតឆាកនៃដំណើររឿងនីមួយៗ។ សិល្បៈភាពយន្តចែកចេញជាសិល្បៈភាពយន្តគំនូរជីវចលភាពយន្តឯកសារភាពយន្តរឿង។ដោយសារវាជាទម្រង់កូនពៅគេ នៅលេខរៀងទី៧ បានជាគេហៅថា សិល្បៈទី៧ ដូច្នេះ។ សិល្បៈទី៧ គឺជាការបញ្ចូលគ្នានូវសិល្បៈទាំង៦ទម្រង់ខាងលើ។ ម្យ៉ាងទៀត ទម្រង់សិល្បៈទី៧នេះ ទើបតែមាននៅក្នុងស.វទី២០។ (ដោយលោក ម៉ៅ វុត្ថា - Mao Vutha) (24-08-2016)
មានវីដេអូ៖ ប្រភព៖ Literature Survey