កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ ប្រជាពលរដ្ឋថៃជាច្រើនមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែក្រុមជួយសង្គ្រោះបានរុករកឃើញក្មេងៗក្រុមបាល់ទាត់ទាំង១២នាក់ និងគ្រូបង្វឹកម្នាក់នៅក្នុងរូងភ្នំ Tham Luang បន្ទាប់ពីក្មេងៗទាំងនោះបានជាប់នៅក្នុងរូងភ្នំនោះអស់រយៈពេលចំនួន០៩ថ្ងៃ ប៉ុន្តែជនរងគ្រោះទាំង១៣នាក់ស្ថិតនៅក្នុងស្ថានភាពហេវហត់ឃ្លាន គ្មានកំលាំងកំហែងឡើយ ព្រោះតែមិនមានអាហារបរិភោគ។ អភិបាលខេត្តឈៀងរ៉ៃ លោក NARONGSAK OSOTTANAKORN បានអបអរសាទរកងរំពង របស់ក្រុមអ្នកជួយសង្គ្រោះ និងបណ្ដាអ្នកកាសែតប្រកាសថា យើងរកឃើញមនុស្សទាំង១៣នាក់នោះ នៅរស់រានទាំងអស់គ្នា ។ ពួកអ្នកជួយសង្ក្រោះស្ថិតក្នុងរូងភ្នំមួយរយៈជាមួយពួកគេ រហូតទល់ពួកគេត្រូវបំប៉នឱ្យមានកម្លាំងកំហែងឡើងវិញ ដើម្បីអាចនាំចេញក្នុងចម្ងាយជិត៤គីឡូម៉ែត្រពីច្រកចូលរូង ដែលមួយផ្នែកនៅមានទឹកលិចនៅឡើយ ។ អភិបាលខេត្តបន្តថា យើងស្ទើរពុំជឿ តើពួកគេអាចរស់បែបម៉េច បើគ្មានអីហូបចាប់តាំងពីច្រើនថ្ងៃមកហើយនោះ ។ គ្រូពេទ្យម្នាក់ ត្រូវបានបញ្ចូនទៅដោយមុជទឹក ដើម្បីវាយតម្លៃស្ថានភាពសុខភាពពួកគេ មុននាំចេញ ។ អ្នកទាំងនេះស្ថិតនៅយូរក្នុងទីងងឹត អាចមានបញ្ហាភ្នែក និងសួត។ វីដេអូថតដោយពួកអ្នកជួយសង្គ្រោះ បង្ហាញកុមារទាំងនេះ មានរាងកាយស្គមស្គាំងស្លៀកពាក់ខោអាវបាល់ទាត់មានប្រឡាក់ភក់ច្រមក ពេលលូនតាមច្រកចង្អៀតមករកទឹកផឹក។ ក្រោយរកឃើញពួកគេ អ្នកជួយសង្គ្រោះម្នាក់និយាយភាសាអង់គ្លេស សួរពួកគេថា តើពួកអ្នកមានគ្នាប៉ុន្មាននាក់ ? កុមារម្នាក់និយាយថា អរគុណ ហើយម្នាក់ទៀតឆ្លើយថា មានគ្នា១៣នាក់ ។ ដោយផ្ដល់ពន្លឺដល់ពួកគេ អ្នកជួយសង្គ្រោះនោះនិយាយថា ពួកអ្នកពិតជាពូកែធុនទ្រាំមែន។ ពួកអ្នកជួយសង្គ្រោះរកឃើញអ្នកទាំងនេះ នៅកន្លែងមួយ ហួសពី PATTAYA BEACH តំបន់សន្មត់ថា ពួកគេនៅទីនោះបន្តិច ។ អភិបាលខេត្តនិយាយថា PATTAYA BEACH ក៏ត្រូវទឹកលិចដែរ តែយើងរកពួកគេឃើញនៅចម្ងាយប្រមាណពី៣០០ទៅ៤០០ម៉ែត្រពីទីនោះ។ នាយប់ថ្ងៃទី២ កក្កដា ព័ត៌មានអំពីការរកឃើញអ្នកជាប់ក្នុងរូងភ្នំយូរថ្ងៃទាំងនេះ ត្រូវបានផ្សាយយ៉ាងលឿនបំផុត តាមបណ្ដាញសង្គម ហើយឪពុកម្ដាយពួកគេដែលនាំគ្នាដេកចាំផ្លូវកូន នៅកន្លែងមួយក្បែររូងភ្នំ ចាប់តាំងពីច្រើនថ្ងៃមកហើយ សម្ដែងក្ដីត្រកអររកអ្វីប្រៀបផ្ទឹមពុំបាន ហើយចាប់ដៃ និងអោបគ្នា ៕
ប្រភព៖ kohsantepheapdaily