ក្មេងប្រុសៗជនជាតិថៃដែលបាត់ខ្លួនក្នុងរូងភ្នំ បានយកដៃបាំងភ្នែករបស់ពួកគេពីពន្លឺពិល ខណៈក្រុមអ្នកសង្គ្រោះមកពីចក្រភពអង់គ្លេសបានទៅដល់ទីតាំងដែលពួកគេសំងំជ្រក ដែលមានជម្រៅរហូតដល់ទៅ ១ គីឡូម៉ែត្រក្រោមដី ក្នុងប្រព័ន្ធរូងភ្នំដ៏តូចចង្អៀត តែមានខ្យល់ចេញចូលនៅប៉ែកខាងជើងប្រទេសថៃ។ នេះជាលើកទីមួយហើយដែលក្មេងប្រុសៗ និងគ្រូបង្វឹករបស់ពួកគេបានជួបអ្នកផ្សេងក្នុងរយៈពេល ៩ ថ្ងៃ។ ខាងក្រោមនេះជាពាក្យសន្ទនាគ្នារវាងក្រុមបាល់ទាត់ថៃ និងក្រុមអ្នកមុជទឹកសង្គ្រោះ នៅចុងបញ្ចប់នៃបេសកកម្មដ៏គ្រោះថ្នាក់ និងបែកភក់ជោគជាំដើម្បីស្វែងរកពួកគេ ដែលធ្វើឱ្យយើងមានអារម្មណ៍ក្តុកក្តួល និងខ្លោចចិត្តជំនួសឱពុកម្តាយពួកគេជាពន់ពេក៖ ក្មេងៗ៖ “លោកពូៗ អរគុណ អរគុណ” អ្នកសង្គ្រោះ៖ “មានគ្នាប៉ុន្មាននាក់?” ក្មេងៗ៖ “១៣ នាក់” អ្នកសង្គ្រោះ៖ “១៣ នាក់ អស្ចារ្យណាស់!” ក្មេងៗ៖ “ជយោៗ យើងចេញទៅវិញថ្ងៃនេះ?” អ្នកសង្គ្រោះ៖ “មិនមែនថ្ងៃនេះទេៗ យើងមានគ្នាតែពីរនាក់ ប្រាប់ក្មេងៗទៅ គ្នាយើងមកហើយ មិនអីទេ អ្នកសង្គ្រោះច្រើនទៀតកំពុងធ្វើដំណើរមកហើយ យើងទាំងពីរមកដល់មុនគេ។ ក្មេងៗ៖ “ថ្ងៃនេះថ្ងៃអី?” អ្នកសង្គ្រោះ៖ “ថ្ងៃនេះជាថ្ងៃអ្វី? ថ្ងៃចន្ទៗ ក្មួយៗជាប់នៅទីនេះ ១០ ថ្ងៃហើយ ១០ ថ្ងៃហើយ អ្នកទាំងអស់គ្នាពិតជាខ្លាំងមែន ខ្លាំងមែនទែន” អ្នកសង្គ្រោះ៖ “មិនអីទេ នៅត្រង់ហ្នឹងសិន គ្នាយើងមកហើយ” ក្មេងៗ៖ “ពួកយើងឃ្លានណាស់” អ្នកសង្គ្រោះ៖ “ពូដឹងៗ ពូយល់ គ្នាយើងមកហើយ មិនអីទេ គ្នាយើងមកហើយ” ក្មេងៗ៖ “ប្រាប់ពួកគាត់ទៅថាពួកយើងឃ្លាន” ក្មេងៗ៖ “គាត់ថាគាត់ដឹងហើយ” អ្នកសង្គ្រោះ៖ “គ្នាយើងមកហើយៗ” ក្មេងៗ៖ “ពួកយើងមិនទាន់បានញ៉ាំអីទេ ពួកយើងត្រូវការញ៉ាំៗៗ” ក្មេងៗ៖ “ថាប្រាប់ពួកគាត់ហើយ” អ្នកសង្គ្រោះ៖ “ក្រុមមុជទឹកនឹងមកដល់ស្អែកនេះ ជាមួយអាហារ គ្រូពេទ្យ និងអ្វីៗគ្រប់យ៉ាង” ក្មេងៗ៖ “ខ្ញុំសប្បាយចិត្តណាស់” អ្នកសង្គ្រោះ៖ “ពួកយើងក៏សប្បាយចិត្តដែរ” ក្មេងៗ៖ “អរគុណលោកពូណាស់ អរគុណលោកពូខ្លាំងណាស់” អ្នកសង្គ្រោះ៖ “មិនអីទេ” ក្មេងៗ៖ “លោកពូមកពីប្រទេសណា?” អ្នកសង្គ្រោះ៖ “អង់គ្លេស ចក្រភពអង់គ្លេស” ក្មេងៗ៖ “អូ!”
មានវីដេអូៈ https://www.youtube.com/watch?time_continue=3&v=DuojbaC4wm4 ប្រភព៖ khmerload