រថយន្ត ២គ្រឿងបុកគ្នា បានបង្កឲ្យមានការកក់ស្ទះចរាចរពេញផ្លូវ លក្ខះ ដែល រថយន្តម៉ាកឡិចស៊ីស LX570 បរមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ រងការខូចខាតយ៉ាងដំណំ
ភ្នំពេញៈ ថ្ងៃចន្ទថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមបណ្តោយ ផ្លូវលេខ ៤៨៨ (ខាងកើតរង្វង់មូលផ្សារដើមថ្កូវ) ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសារតែរថយន្ត២គ្រឿងបុកគ្នា បានបង្កឲ្យមានការកក់ស្ទះចរាចរពេញផ្លូវ លក្ខះដែល រថយន្តម៉ាកឡិចស៊ីស LX570 ពាក់ស្លាកលេខ ខេមរ:ភូមិន្ទមួយគ្រឿង បើកបរមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ រងការខូចខាតយ៉ាងដំណំ ។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2828 មួយគ្រឿង បើកបរដោយបុរសម្នាក់រួមទាំងស្ត្រីចំនួន២នាក់ទៀត រួមដំណើរផងដែរ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស LX570 ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0817 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ ជាមន្ត្រីយោធាថ្នាក់ខ្ពស់ម្នាក់នោះ ទៅបុកពីក្រោយ បណ្តាលឲ្យកំពិតរងការខូច ខាតយ៉ាងដំណំតែម្តង តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏បានចុះមកដល់កន្លែងកើតហេតុ វាស់វែងនិងឲ្យភាគីទាំងពីរដោះស្រាយគ្នា ដោយខាងរថយន្តឡិចស៊ីស ព្រមយករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទៅជួសជុលឲ្យវិញ ដើម្បីជាការបញ្ចប់រឿងតែម្តង ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។