ប្រទេសថៃ៖តាមប្រភពពី Bangkok Post បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមអ្នកជួយសង្គ្រោះកំពុងតែផ្តល់នូវការបង្រៀនជ្រមុជទឹកដល់ក្មេងៗទាំង១២នាក់និងគ្រូបង្វឹកម្នាក់ នៅថ្ងៃទី០៤ មិថុនា ម្សិលមិញ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការចាកចេញពីរូងភ្នំ ។ ក្រុមអ្នកមុជទឹក ក្រុមពេទ្យ ក្រុមអ្នកប្រឹក្សាយោបល់ និងក្រុមទាហានជើងទឹកថៃ កំពុងតែនៅជុំគ្នាជាមួយនឹងក្មេងៗ ដើម្បីផ្តល់ជូននូវថ្នាំនិងអាហារ ខណៈដែលអ្នកជំនាញកំពុងស្វែងរកវិធីល្អបំផុត ក្នុងការយក ក្មេងៗចេញឱ្យបានលឿន និងងាយស្រួល ។ ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan បានប្រាប់អ្នកសារព័ត៌មានថា «ទឹកពិតជាច្រើនខ្លាំងណាស់ ហើយផ្លូវចេញក៏តូចចង្អៀតទៀត ។ ការយកក្មេងៗចេញ គឺត្រូវការមនុស្សច្រើនចូលរួម » ។ លោកបានបន្តទៀតថា «ពេលនេះ ពួកយើងកំពុងតែបង្រៀនក្មេងៗឱ្យចេះជ្រមុជទឹក ។ ប្រសិនបើទឹកស្រក ការយកពួកគេចេញនឹងធ្វើបានលឿនជាងនេះ» ។ នៅក្នុងវីឌីអូ ដែលថតដោយក្រុមទាហានជើងទឹក បានបង្ហាញពីការសន្ទនាលេងរវាងអ្នកជួយសង្គ្រោះ២នាក់ និងក្មេងៗ ។ ពួកគេនិយាយគ្នាលេងយ៉ាងសប្បាយ ខណៈដែលកំពុងដណ្តប់ភួយធ្វើពីប្លាស្ទិក ។ រយៈពេល ក្នុងការយកក្មេងៗចេញនៅមិនទាន់ដឹងនៅឡើយ ។ វាអាចនឹងយូរឬឆាប់ ទៅតាមការប្រែប្រួលអាកាសធាតុ ៕
ប្រភព៖ ហេងលី