មន្ត្រីសាលាឧទ្ធរណ៍ កាត់ទោសជនជាប់ចោទ ជាមន្ត្រីកងអង្គរក្សម្នាក់ និងអតីតសមាជិកក្រុមប្រឹក្សាឃុំ ក្នុងសំណុំរឿងពាក់ព័ន្ធ ឆបោក តាមរយៈការក្លែងឯកសារ លក់ដីខ្យល់រាប់ពាន់ហិកតា នៅខេត្តកំពត
ភ្នំពេញៈ យោងតាមប្រភពពីមន្ត្រី សាលាឧទ្ធរណ៍ បានឲ្យដឹងថា លោក ប្លង់ សំណាងចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍ គ្រោងនឹងបើកសវនាការ កាត់ទោស ជនជាប់ចោទ ជាមន្ត្រីកងអង្គរក្សម្នាក់ និងអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតម្នាក់ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ពាក់ព័ន្ធសំណុំរឿង ឆបោក តាមរយៈការក្លែងឯកសារ លក់ដីខ្យល់រាប់ពាន់ហិកតា នៅខេត្តកំពត។
ការបើកសវនាការកាត់ទោស ជនជាប់ចោទ ទាំង ២នាក់ខាងលើនេះ បន្ទាប់ពី លោក យ៉េត ចរិយា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្តឹងឧទ្ធរណ៍ ប្រឆាំងសេចក្តីសម្រេចរបស់លោក កូយ សៅ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨បានសម្រេចផ្តន្ទាទោស ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីកងអង្គរក្ស និងឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ចំនួន ៤បទចោទប្រកាន់ ដោយដាក់ពន្ធនាគារ ២ឆ្នាំ អនុវត្តទោសត្រឹមតែ ៦ខែក្នុងគុក។ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ លោក យ៉េត ចរិយា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ចែ សុង ជាតំណាងអយ្យការកាន់សំណុំរឿង បានសម្រេចដាក់ពាក្យប្តឹង ឧទ្ធរណ៍ ប្រឆាំងសេចក្តីសម្រេចនៃសាលក្រមរបស់លោក កូយ សៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដោយសារតែយល់ឃើញថា លោក កូយ សៅ បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ជនជាប់ចោទ ២នាក់ មិនសាកសមនឹងទោសកំហុសរបស់ពួកគេ ដែលបានប្រព្រឹត្តលើពលរដ្ឋស្លូតត្រង់ ហេតុនេះហើយ ទើបព្រះរាជអាជ្ញា ក្នុងនាមជាអ្នកជួយពលរដ្ឋរងគ្រោះ សម្រេចចិត្តប្តឹងឧទ្ធរណ៍តែម្តងទៅ។ នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទទាំង ០២នាក់ ខាងលើ បានបដិសេធ ថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។ ដោយពួកគេទាំងពីរនាក់ បាននាំគ្នាឆ្លើយដាក់ឈ្មោះ នាក់ វិចិត្រ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បាត់ទៅហើយ ឲ្យមកទទួលខុសត្រូវ ចំពោះមុខច្បាប់ជំនួសពួកគេ ដែលជាមនុស្សរស់។ បើទោះជាក្រុមជនជាប់ចោទបានបដិសេធ និងច្រានឲ្យខ្មោចមកទទួលខុសត្រូវជំនួសយ៉ាងណាក្តី ក៏នៅក្នុងសវនាការ គេមិនឃើញមានសាក្សី ឬភស្តុតាង ដោះបន្ទុក ដែលក្រុមជនជាប់ចោទ អាចយកមកបង្ហាញតុលាការ និងសាធារណជនឲ្យ ជឿជាក់លើការអះអាងរបស់ពួកគេ ថាជាការពិតនោះទេ។ ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់បានដាក់ភស្តុតាង យ៉ាងរឹងមាំ ជូនតុលាការក្រុងភ្នំពេញ រួមមាន លិខិតក្លែងក្លាយ ដែលក្រុមជនជាប់ចោទប្រើប្រាស់ ដើម្បីឆបោកពួកគាត់ ដោយថែមទាំងមាន លិខិតកោសលវិច្ច័យ របស់អគ្គស្នងការនគរបាលជាតិ ថា លិខិត មានស្នាមមេដៃ ត្រាអាជ្ញាធរ ទាំងនោះ ជាលិខិតក្លែងក្លាយពិតមែន។ លើសពីនេះ ជនរងគ្រោះក៏មានឯកសារបញ្ជាក់ថា ក្រុមជនជាប់ចោទពិតជា បានទទួលប្រាក់ខ្លួន តាមរយៈ សែក ជាច្រើនសន្លឹក ដែលមានទឹកប្រាក់សរុប ៨០ម៉ឺនដុល្លារដើម្បីទិញដី សរុប ចំនួន ៨០០៥ ហិកតា នៅខេត្តកំពត យ៉ាងពិតប្រាកដ ប៉ុន្តែដីទាំងអស់ គឺមានតែលើក្រដាសឯកសារក្លែងក្លាយដែលក្រុមជនជាប់ចោទផលិតឡើង ចំណែកដីជាក់ស្តែងគ្មានទេ ពោលគឺដីទាំងនោះ ជាដីខ្យល់។ បើយោងតាម កំណត់ហេតុធ្វើកោសលវិច្ច័យ របស់សមត្ថកិច្ចជំនាញ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ជូន តុលាការយ៉ាងច្បាស់ថា ឯកសារ ទិញលក់ដី ចំនួន នៅខេត្តកំពត ដែលជនជាប់ចោទឈ្មោះ ស៊ុន សៀង និងឈ្មោះ ហេង សាន យកទៅប្រើប្រាស់ ដើម្បីឆបោក ជនរងគ្រោះនោះ គឺពិតជាបានក្លែងបន្លំស្នាមមេដៃពលរដ្ឋជាម្ចាស់ដី ហត្ថលេខា និងត្រាអាជ្ញាធរមូលដ្ឋាន ប្រាកដមែន៕ ប្រភពៈ ANN
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។