ថៃ...មិនទាន់ចប់រឿងមួយផងចូលរឿងមួយទៀតហើយ....
-

ប្រទេស​ថៃ ​៖ ​ពួក​អ្នក​ជួយ​សង្គ្រោះ​រាយការណ៍​ នា​ថ្ងៃ​ទី​៦​ កក្កដា ​ថា មនុស្ស​ម្នាក់​ស្លាប់ ​ហើយ​មនុស្ស​៥៣​នាក់​ទៀត​បាត់​ខ្លួន ​ពិសេស​ពួក​អ្នកដំណើរ​ចិន ក្រោយ​ការ​លិច​នាវា​១​គ្រឿង​ មាន​មនុស្ស​ជិះ​៩០​នាក់​ ក្នុង​ដែនទឹក​នៃ​​កោះ​ទេសចរណ៍​ភូ​កេ​ត​​ថៃ​។ អភិបាលខេត្ត​ ភូ​កេ​ត​លោក NORAPHAT PLODTHONG ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យើង​បញ្ចប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ហើយ​ប្រ​ប្រតិបត្តិការ​នោះ​ចាប់ផ្ដើម​ឡើង​វិញ​នា​ពេល​ព្រឹក​។សាកសព​បុរស​ម្នាក់​ពាក់អាវ​ពោង​ជាមួយ​LOGO​នាវា​ឈ្មោះ​PHOENIK​ត្រូវ​បាន​ស្រង់​ចេញពី​ទឹកសមុទ្រ​។​បណ្ដា​រូបភាព​ផ្សាយ​​ដោយ ការិយាល័យ​ទេសចរណ៍​កោះ​ភូ​កេ​ត​បង្ហាញ​សាកសព​នោះ​កំពុង​នាំ​មក​កាន់​ច្រាំង​។​ជន​រង​គ្រោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ជិត​កោះ​មួយ​ក្នុង​ដែនទឹក​នៃ​កោះ​ភូ​កេ​ត​។​នាវា​នោះ​ដែល​ដឹក​មនុស្ស​៩០​នាក់ វិល​ត្រឡប់​មក​កោះ​ភូ​កេ​ត​វិញ មក​ពី​កោះ RACHA ហើយ​រង​ការ​វាយប្រហារ​ភ្លាម​ៗ​ដោយ​ព្យុះ​មួយ​។ កា​ពី​តែ​ន​នាវា​នេះ​លោក​SOMJING BOONTHAM និយាយ​ថា រលក​មួយ​មាន​កម្ពស់​ដល់​៥​ម៉ែត្រ​បោក​លើ​នាវា ដែល​ចាប់ផ្ដើម​លិច​។​លោក​បាន​បញ្ជា​ឲ្យ​អ្នកដំណើរ​ទាំងអស់​ពាក់អាវ​ពោង​ហើយ​នាំ​គ្នា​ចុះ​ទៅ​កាន់​កាណូត​កៅស៊ូ​ជួយ​សង្គ្រោះ​។​អ្នកដំណើរ​ទាំងអស់​សុទ្ធតែ​ជា​ជនជាតិ​ចិន លើកលែងតែ​២​នាក់​ជា​ជនជាតិ​លោក​ខាងលិច​។ យោង​តាម​អភិបាលខេត្ត​ថា អាជ្ញាធរ​កោះ​ភូ​កេ​ត​កាលពី​ថ្ងៃ​ទី​៤​កក្កដា បាន​ចេញ​ការ​ប្រកាស​ពី​ខ្យល់ព្យុះ​និង​ពី​គ្រោះថ្នាក់​នៃ​ធាតុអាកាស​អាក្រក់​ក្នុង​សមុទ្រ​។​លោក​គូសបញ្ជាក់​ថា​ប៉ូលិស​និង​កង​ម៉ា​រី​ន​បាន​ជួយ​សង្គ្រោះ​នាវា​១០​គ្រឿង​ទៀត​ដែល​ជួប​ការ​លំបាក​ក្នុង​សមុទ្រ​។ នាវា​២​គ្រឿង​ទៀត​បាន​លិច​នា​ថ្ងៃ​ទី​៥​កក្កដា​ក្នុង​តំបន់​ដដែល​នោះ​។​នាវា​កម្សាន្ត​១​គ្រឿង​ឈ្មោះ SENERITA ដែល​ដឹក​មនុស្ស​៣៩​នាក់​បាន​លិច​ក្នុង​សមុទ្រ​ឆ្ងាយ​។​ក្នុង​ករណី​ទាំង​២​នោះ​អ្នកដំណើរ​ទាំងអស់​សុទ្ធតែ​សុខ​សប្បាយ​។ ទីភ្នាក់ងារ​ព័័ត៌មាន​ចិន​សីុ​ហ​គូសបញ្ជាក់​ថា ស្ថាន​កុងស៊ុល​ចិន​នៅ​សុង​ក្លា ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​រាយ​ការណ៍​ប្រាប់​ថា នាវា​២​គ្រឿង​ជាមួយ​ជនជាតិ​ចិន​ជិះ​ក្នុង​នោះ​បាន​លិច និង​ថា ការ​ខិតខំ​ប្រឹងប្រែង​នានា​កំពុង​ធ្វើ​ដើម្បី​ជួយ​សង្គ្រោះ​។​ស្ថាន​កុងស៊ុល​នេះ​គូសបញ្ជាក់​ថា មាន​អ្នកទេសចរ​ចិន​ច្រើន​នាក់​ជិះ​ក្នុង​នោះ​។​ភាគ​ច្រើន​នៃ​អ្នកដំណើរ​ទាំង​១៣៣​នាក់​ដែល​ជិះ​លើ​នាវា​២​គ្រឿង​លិច​ដោយសារ​រលក​ធំ​ៗ​ក្នុង​សមុទ្រ​នា​ភាគ​ខាងត្បូង​ថៃ សុខ​សប្បាយ​ទាំងអស់​គ្នា​៕

ប្រភព៖ kohsantepheapdaily