ស្លុតចិត្តបាត់កូន ៧ថ្ងៃរកមិនឃើញ ពេលដែលរកឃើញ បានត្រឹមតែឆ្អឹងមួយកញ្ចប់ យកទៅផ្ទះវិញ
-

ភ្នំពេញៈ កាលពី​ថ្ងៃទី៦ ខែកក្កដា​ ឆ្នាំ២០១៨ យុវជន​ម្នាក់​ក្រោយពី​បាត់​ខ្លួន​អស់​រយៈពេល៧ថ្ងៃ​ ក្រុមគ្រួសារ​រកឃើញ​វិញ​បាន​ត្រឹម​ឆ្អឹង​មួយកញ្ចប់​ដែល​គេ​បន្សល់ទុក​ នៅ​វត្ត​ទួល​សន្តិ​វ័​ន្ត​ ហៅ​វត្ត​ទួល​អស់លោក។ ហេតុការណ៍​ដែល​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​មក​យក​ធាតុ​ ទៅធ្វើ​បុណ្យ​នោះ​នៅ ​វត្ត​ទួល​សន្តិ​វ័ន​ ភូមិ​បឹង​ឈូក​ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឬ​ស្សី​កែវ ។ ក្រុមគ្រួសារ​បាន​និយាយ​រិះគន់​ដល់​សមត្ថកិច្ច​ ប៉ុស្តិ៍ស្ទឹងមានជ័យ១ ដែល​មិន​ចុះទៅ​ធ្វើ​កំណត់ហេតុ​ដល់​មន្ទីរពេទ្យ​ហើយ ​មិន​រាយការណ៍​ដល់​ក្រុមគ្រួសារ​ឱ្យបាន​ដឹង។ ក្នុងនោះ​ជនរងគ្រោះ​មាន​អត្តសញាណ​ជាប់​នៅក្នុង​ខ្លួន​ផង​ ទុក​រហូត​ជនរងគ្រោះ​ស្លាប់​ នៅ​មន្ទីរពេទ្យ​ហើយ​ដឹក​សព​ជនរងគ្រោះ​យកទៅ​បូជា​នៅ​ វត្ត​ទួល​សន្តិ​វ័ន ​បាន៥ថ្ងៃ​ទើប​ដឹង​ដំណឹង​ដល់​ក្រុមគ្រួសារ​ ហើយ​មក​ទទួល​ធាតុ(ឆ្អឹង)យកទៅ​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ជនរងគ្រោះ។

សព​រងគ្រោះ​មានឈ្មោះ​ ផុន​ រដ្ឋា​ ភេទ​ប្រុស ​អាយុ២១ឆ្នាំ ​មុខរបរ​បម្រើ​ ការងារ​នៅ​អាហារ​ដ្ឋា​ន ​ក្នុង​ព្រលាន​អន្តរជាតិ​ពោធិ៍ចិនតុង ​ស្នាក់នៅ​ភូមិ​ព្រៃ​ជី​សាក់ ​សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
ប្រភពពី​ក្រុមគ្រួសា​បានឱ្យដឹងថា ​នៅមុន​ពេល​បាត់​ខ្លួន​ នៅវេលា​ម៉ោង៩យប់ ​ថ្ងៃទី២៨ ខែមិថុនា​ឆ្នាំ២០១៨ ជ​នង​គ្រោះ​បាន​ត្រឡប់​មកពី​លេង​ ខេត្តកំពត ​ជាមួយ​មិត្តភក្តិ​ចូល​ផ្ទះ​នៅ​ជី​សាក់​ បាន​មួយសន្ទុះ​ក៏​ចេញទៅ​ហូបចុក (ផឹកស៊ី) ជាមួយ​មិត្តភក្តិ​នៅ​ម្តុំ​ផ្សារ​ជូ​រី​ផ្លា​ហ្សា។ រ​ហូត​ដល់​ម៉ោង​ប្រហែល១០យប់​បាន​បែកផ្លូវ​គ្នា​ចំណែក​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក(ជូន)មិត្តភក្តិ​ទៅ​ក្បាល់ថ្នល់។ លុះ​ជិះ​ត្រឡប់​មកដល់​ស្ពាន​ស្ទឹងមានជ័យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ដួល​ខ្លួនឯង​រងរបួស​ធ្ងន់ ​ត្រូវ​រថយន្ត​សា​ម៉ុ​យ​គ្លីនិក​ ហុង​ហាក់​ ដឹក​មក​សង្គ្រោះបន្ទាន់។ ប៉ុន្តែ​គេ​ឃើញ​ជនរងគ្រោះ​ មាន​អាកា​រៈ​ធ្ងន់ធ្ងរ ​ពេក​ក៏​បញ្ជូន​ជនរងគ្រោះ​ បន្ត​ទៅមក​មន្ទីរពេទ្យ​កាល់ម៉ែត​ ក៏​ស្លាប់​រួច​ក៏​ដឹក​សាកសព​ យកមក​បូជា​នៅ​វត្ត​ទួល​សន្តិ​វ័ន​ ហៅ​វត្ត​អស់លោក ​តែម្តង។ លុះ​មកដល់​ថ្ងៃទី៥ ខែកក្កដា ​ទើប​ក្រុមគ្រួសារ​បានទទួល​ដំណឹង ​ក៏​មក​ទទួលយក​ធាតុ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​យ​នៅផ្ទះ​ជនរងគ្រោះ​តាម​ប្រពៃណី ​ឯ​ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ៕
ប្រភពៈ arey-news