លើសពីអាណិត! ដឹងមូលហេតុ ម្ចាស់បទ "សុំមេមាន់មួយ" លោក ចាន់ សម័យ ធ្លាក់ខ្លួនដល់ថ្នាក់នេះ ដោយសារតែ..
កាលពីថ្មីៗ នេះ មហាជន និងអ្នកគាំទ្របានបញ្ចេញភាពរំជួលចិត្តបំផុត ខណៈដែលតារាចម្រៀងល្បីល្បាញមួយរូបក្នុងអំឡុងឆ្នាំ ២០០០ គឺលោក ចាន់ សម័យ បានធ្លាក់ខ្លួនរស់នៅក្នុងជីវភាពខ្វះខាតដ គួរឲ្យអាសូរ។ ជាមួយគ្នានេះ ក៏មានបណ្ដាមតិជាច្រើនបានបញ្ចេញភាពងឿងឆ្ងល់ថា តើមូលហេតុអ្វីបានជាតារារូបនេះធ្លាក់ខ្លួនដល់ថ្នាក់នេះ? យ៉ាងណាមិញ ចម្ងល់នេះក៏បានត្រូវបានបកស្រាយដោយអ្នកនាង ស៊ិន ឧត្តមផល្លា ដែលជាតារាសម្ដែងជើងចាស់មួយរូបផងដែរ។
ជាក់ស្ដែង បើតាមការរៀបរាប់របស់អ្នកនាងក្នុងបណ្ដាញហ្វេសប៊ុក បានឲ្យដឹងថា៖ «មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា លោក ចាន់ សម័យ ហាក់បីដូចជាផ្តាច់ខ្លួនឆ្ងាយពីពិភពសារព័ត៌មាន រួមទាំងប៉ុស្តិ៍ទូរទស្សន៍នាៗនិងមិត្តរួមអាជីពជាដើម លោកចង់រស់នៅបែបស្ងប់ស្ងាត់ ហើយលោកក៏ជាមនុស្សម្នាក់ដែលមិនចូលចិត្តរៀបរាប់ពីការលំបាករបស់ខ្លួនអោយនរណាម្នាក់ដឹងដែរ។ បើតាមប្រភពអ្នកជិតស្និទ្ធរបស់លោក ចាន់ សម័យ ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាកន្លងមកលោក ចាន់ សម័យ ធ្លាប់បានទៅសម្តែងនៅសហរដ្ឋអាមេរិក ប៉ុន្តែនៅពេលដែលលោកត្រឡប់មកប្រទេសកម្ពុជាវិញត្រូវបានចោរលួចកាបូបលុយរបស់លោក ដូច្នេះប្រាក់ដែលបានមកពីការសម្តែងត្រូវបានបាត់បង់ទាំងអស់ ថែមទាំងខ្លួនកំពុងជួបបញ្ហាពិបាក សព្វថ្ងៃនេះលោក ចាន់ សម័យ គ្មានមធ្យោបាយក្នុងការធ្វើដំណើរទេ ហើយលោកត្រូវទទួលរ៉ាប់រងចិញ្ចឹមគ្រួសារ ប្រពន្ធន និងកូនចំនួនប្រាំនាក់ កូនភ្លោះពីរដងនិងម្នាក់ទៀតសរុបកូនទាំងអស់ប្រាំនាក់ លោកគ្មានផ្ទះទេគឺរស់នៅផ្ទះជួលគេ តាមប្រភពនោះបានបន្ថែមទៀតថា លោក ចាន់ សម័យ រាល់ពេលទៅច្រៀងតាមកម្មវិធីម្តងៗ លោកតែងតែអង្គុយឆ្ងាយពីអ្នកសិល្បៈផ្សេងៗ ទោះបីចប់កម្មវិធីមិត្តភ័ក្តិសិល្បៈជូនលោកទៅផ្ទះក៏លោកអោយគេឈប់ពាក់កណ្ដាលផ្លូវ មិនព្រមអោយជូនដល់ផ្ទះ លោកហាក់ដូចជាចង់លាក់បាំងពីការលំបាករបស់លោក ហើយលោកថែមទាំងឈឺជើងអស់រយៈពេលជាងដប់ឆ្នាំហើយ ប៉ុន្តែលោកហាក់ដូចជាមិនអើពើ ដោយសារលោកមិនមានថវិកាដើម្បីព្យាបាល ចំណែករូបភាពស្ទូចត្រីនោះ ទីមួយការស្ទូចត្រីគឺជាចំណូលចិត្តរបស់លោក និងទីពីរដើម្បីធ្វើម្ហូបពិតមែន ហើយទឹកមុខរបស់លោកសព្វថ្ងៃទោះជាមិននិយាយក៏គេគ្រប់គ្នាអាចយល់បានថា លោកពិតជាមានភាពទុក្ខលំបាកយ៉ាងខ្លាំង»។ អ្នកនាងបានបន្តទៀតថា៖ «នាងខ្ញុំ សុិន ឧត្ដមផល្លា សូមអំពាវនាវដល់បណ្ដាផលិតកម្ម និងតាមស្ថានីយ៍ទូរទស្សន៍ទាំងអស់ សូមមេត្តាផ្តល់ឱកាសអោយលោក ចាន់ សម័យ ឡើងច្រៀងផងដើម្បីចិញ្ចឹមជីវិត និងគ្រួសារទាំងមូល»៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។