ទុក្ខជាន់ទុក្ខ ក្រហើយភ្លើងឆេះផ្ទះទៀត!!! ឪពុកម្ដាយ ទៅធ្វើការស៊ីឈ្នួលគេ ទុកកូនឲ្យនៅផ្ទះ ពេលត្រលប់មកវិញ ភ្លើងឆេះផ្ទះអស់មួយចំហៀង
-

បាត់ដំបងៈ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង កាលពីវេលាម៉ោង៨ៈ៥០នាទីព្រឹក ត្រូវនិងថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្រុមទី៤ ភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ម្ចាស់ផ្ទះឈ្មោះ ឆុន ឈឿត ភេទប្រុស អាយុ៣១ឆ្នាំ ប្រពន្ធឈ្មោះ ឆឹង សុខណា អាយុ២៣ឆ្នាំ រស់នៅកន្លែងកើតហេតុ។ ឆេះផ្ទះ១ខ្នង ទំហំ៤ម៉ែត្រx៤ម៉ែត្រ ធ្វើអំពីឈើ សសរជីកដាំ ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងស្បូវ, ឆេះទូរទស្សន៍ចំនួន១គ្រឿង និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត។ មូលហេតុ បណ្តាលមកពីកូនស្រីបង្កើតយកឈើកូសទៅបង្កាត់ភ្លើងដាំបាយ ពេលគូសឈើគូសឆេះបានរលាកដៃ ហើយក៏បោះ ទៅចំជញ្ជាំងស្បូវបណ្ដាលឲ្យឆេះផ្ទះតែម្ដង ខណៈដែលឪពុកនិងម្ដាយមិនបាននៅផ្ទះ ទៅធ្វើការស៊ីឈ្នួលគេ៕