សង្ឃឹមថា យប់នេះនឹងអាចនាំពួកគាត់បានចេញមកវិញទាំងអស់ផងចុះ...
-

ថៃ៖ អាជ្ញាធរថៃ រួមជាមួយក្រុមអ្នកជំនាញមុជទឹកបរទេស១៣នាក់ និងកងទ័ពជើងទឹកថៃ០៥នាក់ បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​​ថាំលួង នៅស្រុកម៉ៃសៃនៃខេត្តឈៀងរ៉ាយភាគខាងជើងប្រទេសថៃ នាព្រឹកថ្ងៃអាទិត្យនេះ ដើម្បីជួយសង្រ្គោះក្មេងជំទង់ទាំង១២នាក់ ព្រមទាំង​គ្រូបង្វឹកម្នាក់របស់ពួកគេ ដែលបានជាប់ខ្លួននៅក្នុងល្អាងភ្នំដោយសារតែទឹកជន់តាំងពីថ្ងៃទី២៣ ខែមិថុនា ចេញមកខាងក្រៅវិញ។ នេះ​បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។ បើតាមប្រធានដឹកនាំប្រតិបត្តិការជួយសង្រ្គោះលោក Narongsak Osottanakorn បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយ​​បំផុតរបស់លោកថា ក្មេងប្រុសនីមួយៗ នឹងត្រូវអមដំណើរដោយអ្នកជំនាញផ្នែកមុជទឹកពីរនាក់ ហើយអ្នក​​​ដំបូង​គេ ត្រូវរំពឹងថានឹងអាច​​ចេញ​ផុតមកដល់ខាងក្រៅយ៉ាងយូរនៅម៉ោង០៩យប់នេះ (ពេលវេលាក្នុងតំបន់)។ លោកបានបន្ថែមថា អ្នកដែលជាប់ខ្លួនទាំងនោះ នឹងបន្តចេញ​មកខាងក្រៅម្តងម្នាក់ៗ ការប្រតិបត្តិជម្លៀសមនុស្សនេះ អាចនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃស្អែកឬយូរជាងនេះ ហើយព័ត៌មានបន្ថែមទាក់ទិននឹងបេសក​កម្មនេះ នឹងត្រូវធ្វើឡើងនៅក្រោយម៉ោង០៩យប់នេះ។ បើតាមលោក Narongsak អ្នកមុជទឹកបរទេសទាំង១៣នាក់ គឺសុទ្ធតែជាអ្នកជំនាញមុជទឹកនៅក្នុងល្អាងភ្នំយ៉ាងស្ទាត់ជំនាញ មកពី​ជុំវិញ​ពិភពលោក ខណៈកងទ័ពជើងទឹកថៃទាំង០៥នាក់វិញ ត្រូវបានជ្រើសរើសជាពិសេសយ៉ាងហ្មត់ចត់។ គួរជម្រាបថា ក្មេងប្រុសៗខាងលើ អាយុចន្លោះពី១១ដល់១៦ឆ្នាំ បានបាត់ដំណឹងជាមួយគ្រូបង្វឹកវ័យ២៥ឆ្នាំរបស់ពួកគេ នៅក្រោយការ​ហ្វឹកហាត់បាល់ទាត់កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ បន្ទាប់ពីពួកគេបានចូលទៅក្នុងរូបភ្នំខាងលើ ដែលស្ថិតនៅក្បែរព្រំប្រទល់​ថៃ​-​មីយ៉ាន់ម៉ា ខណៈទំរាំតែក្រុមសង្រ្គោះរកឃើញពួកគេ គឺពេលវេលាប្រមាណ១០ថ្ងៃកន្លងផុតទៅហើយ៕

ប្រភព៖ camnews