កាលពីរសៀលថ្ងៃទី០៨ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ក្មេងៗរងគ្រោះត្រូវបានក្រុមជួយសង្គ្រោះនាំចេញមកក្រៅរូងភ្នំ Tham Luang បានដោយជោគជ័យ។ ចំណែកឯថ្ងៃនេះគឺជាថ្ងៃទី៣ នៃប្រតិបត្តិការជួយសង្គ្រោះក្មេងៗចំនួន៤នាក់ និងគ្រូបង្វឹកម្នាក់ទៀត ដែលនៅជាប់ក្នុងរូងភ្នំនៅឡើយ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រូបង្វឹកបាល់ទាត់ឈ្មោះ Ekaphol Chantawong អាយុ២៥ឆ្នាំអាចនឹងជាប់នៅក្នុងរូងភ្នំមួយយប់ទៀត ព្រោះចំនួនមនុស្ស ដែលត្រូវជួយសង្គ្រោះចេញពីរូងភ្នំក្នុងមួយថ្ងៃតែ៤នាក់ប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាពរបស់ជនរងគ្រោះ។ ចំណែកឯក្មេងៗវិញបើទោះបីជាអាចយកចេញមកក្រៅក៏ពិតមែន ប៉ុន្តែមិនអាចជួបជុំក្រុមគ្រួសារភ្លាមឡើយ គឺត្រូវប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការពិនិត្យតាមដានសុខភាព។ គួររំលឹកផងដែរថា ក្មេងៗទាំង១២នាក់ ដែលមានអាយុចន្លោះពី១១ឆ្នាំដល់១៦ឆ្នាំ និងគ្រូបង្វឹកវ័យ២៥ឆ្នាំ បានជាប់នៅក្នុងរូងភ្នំនោះតាំងពីថ្ងៃទី២៣ ខែមិថុនា មកម្ល៉េះ៕
ប្រភព៖ Dailymail