ខ្ញុំអានសារនេះហើយ ទប់ទឹកភ្នែកមិនបានទេ!!! យុវតីម្នាក់បានបន្សល់សារ មួយច្បាប់មុនជីវិតលាចាកលោក ជូនទៅកាន់អ្នកម៉ាក និងបងប្អូនទាំងអស់គ្នា ដោយពាក្យថា៖ «ថែម៉ាក់ខ្ញុំផង!!!»
ពេលនេះកូនបានលាម៉ាក់ជាទីស្រលាញ់របស់កូនឆ្ងាយហើយ ឆ្ងាយឥតត្រឡប់មកវិញឡើយ អោយកូនសូមទោសម៉ាក់ផង ដែលកូនមិនទាន់បានតបស្នងសងគុណចំពោះម៉ាក់។ មិនត្រឹមតែមិនទាន់បានសងគុណម៉ាក់ទេ កូនថែមទាំងបានធ្វើអោយម៉ាក់ស្រក់ទឹកភ្នែកឥតស្រាកស្រាន្ត កំឡុងពេលបង្កើតកូន និងជីវិតចុងក្រោយរបស់កូន។
កូនដឹងថាម៉ាក់ហត់នឿយ ឈឺចុកចាប់ ព្រោះម៉ាក់បានបាត់បង់កូនម្នាក់នេះ ព្រោះកូនដឹងថាម៉ាក់ស្រលាញ់កូនណាស់ កូនដឹងថាម៉ាក់ប៉ុន្មានថ្ងៃនេះបាយមិនបាន សម្រាន្តមិនលក់ ម៉ាក់យំ ម៉ាក់ភ័យ ម៉ាក់អាណិតកូន ពេលខ្លះម៉ាក់ញាំបាយលាយទឹកភ្នែក ញាំមិនឆ្អែត ម៉ាក់មានតែកូនមួយមិនដឹងប្រើអ្នកណា ដូចនេះម៉ាក់ត្រូវពេទ្យហៅអោយបង់លុយ ម៉ាក់រត់ទៅទិញថ្នាំ អោយកូន ម៉ាក់ជូតខ្លួនអោយកូន ប្តូរខោអាវអោយកូន ម៉ាក់ត្រូវអង្គុយនៅចំាមើលអេក្រង់ គ្រប់គ្រងលើរៀងកាយកូនគ្រប់ពេល ព្រោះខ្លាចមានបញ្ហាអ្វីមួយកើតឡើងលើរូបកូន ពេលជំងឺកូនរើឡើងម្តងៗម៉ាក់ភ័យ យំ ហៅគ្រូពេទ្យអោយមកមើលកូន ម៉ាក់ម្តងយំ ម្តងសើច ស្ទើតែក្លាយជាមនុស្សម្នាក់ថ្មីមួយទៀត កូនអាណិតម៉ាក់ណាស់ នេះហើយជីវិតកូនទោល។ កូនដឹងថា ទឹកចិត្តរបស់ម៉ាក់បើអាចឈឺជំនួសកូនបាន ម៉ាក់សុខចិត្តដើម្បីកូន។ ចំណែកផ្លូវងងឹតគ្រូហ្មថា កូនខុសនេះខុសនោះ ត្រូវរៀបចំអោយគេ ម៉ាក់មិនត្អូញត្អែថាហត់ឡើយ ម៉ាក់បានជិះឡានតាក់ស៊ីមកផ្ទះភ្លាមៗ(កំពង់ឆ្នាំង)ដើម្បីរៀបចំកម្មវិធី ចប់សព្វគ្រប់ម៉ាក់ចេញឡានទៅវិញទាំងយប់ដោយក្តីបារម្មណ៍ជាប់នឹងកូនជានិច្ច។ នេះជាការលះបង់ខ្ពស់ណាស់ ដែលកូនបានដឹងតាមអារម្មណ៍របស់កូន កូនអាណិតម៉ាក់ណាស់ កូនបានតែសម្រក់ទឹកភ្នែកពេលឃើញមុនម៉ាក់។ គ្រាន់តែលោកដុកទ័រប្រាប់ថាកូនអស់សង្ឃឹម ម៉ាក់មិនហ៊ានចូលទៅមើលមុខកូនទៀតទេ ម៉ាក់អង្គុយយំពេញមួយរាត្រីនៅខាងក្រៅដោយក្តីឈឺចាប់បំផុត ព្រោះម៉ាក់ដឹងថាដង្ហើមចុងក្រោយរបស់កូននឹងបញ្ចប់ទៅវិញក្នុងពេលឆាប់ៗនេះ។ ម៉ាក់អើយ អើយម៉ាក់ កូនពិតជាសូមទោសម៉ាក់ដែលកូនកើតមកធ្វើជាកូនម៉ាក់បានត្រឹម២២ឆ្នាំនេះ។ ថ្វីប្បិតតែរយៈពេលវាខ្លីមែនក៏កូន និងម៉ាក់បានសាងនូវអនុស្សាវរីជាច្រើនទាំងការលំបាក ទាំងស្រួល ព្រោះតែជីវភាពយើងក្រលំបាក កូនធ្លាប់ដើរលក់នំជាមួយម៉ាក់កាលកូននៅតូច រហូតដល់កូនបានធំ ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់អាហារ និងចំណាយលើការសិក្សា រហូតដល់កូនប្រឡងជាប់ថ្នាក់ទី១២ និងបន្តអោយកូនទៅរៀនបន្តនៅមហាវិទ្យាល័យ។ ពេលម៉ាក់រួយដៃជើង កូនជួយច្របាច់អោយម៉ាក់បានស្រួល តែពេលនេះមិនដឹងថា តើម៉ាក់បានអ្នកណាជួយច្របាច់ជើងអោយម៉ាក់ទៀតទេ។ ពេលញាំបាយយើងមានគ្នាពីរនាក់ ពេលធ្វើកិច្ចការអ្វីមួយម៉ាក់សួរកូន កូនសួរម៉ាក់ ទៅផ្សារ ទៅកន្លែងផ្សេងៗ ទៅវត្តខែបុណ្យទានធំម្តងៗ មានម៉ាក់មានកូន ចុះពេលនេះតើមានអ្នកណានៅជាមួយម៉ាក់ទៀត។ ផ្ទះដែលទើបជួសជុលថ្មីនោះ ម៉ាក់ថាធ្វើទុកអោយកូននៅ តែធ្វើមិនទាន់រួចរាល់១០០%ទេព្រោះខ្វះប្រាក់ ពេលនេះកូនមិនបានឡើងទៅរស់នៅជាមួយម៉ាក់ទេ ពេលផ្ទះនេះធ្វើរួចរាល់។ កុំឃើញផ្ទះខ្ពស់ថាខ្ញុំមាន មានតែសំបកផ្ទះទេ ព្រោះត្រូវដីមួយកូនអំពកក៏ឆ្លៀតកែកុនអោយល្អទៅ។ គិតទៅជីវិតរបស់កូននិងម៉ាក់វេទនាតាំងពីកូនកើតមក បាន៧ខែ ត្រូវប៉ាចាកចេញពីយើងដោយគ្មានការទទួលខុសត្រូវ រហូតដល់ដង្ហើមចុងក្រោយទើបឃើញវត្តមានរបស់គាត់មកសួរសុខទុក្ខកូន តែវាគ្មានន័យ និងតម្លៃអ្វីសម្រាប់ពួកយើងឡើយ។ .... កូនក៏សូមអរគុណដល់ប៉ាអ៊ុំ(អ៊ុំម៉ន) ម៉ាក់អ៊ុំ(អ៊ុំថា) ដែលបានជួយបីបាច់ថែរក្សាកូនពីតូច និងមួយរយៈចុងក្រោយនេះឃើញថាហត់ខ្លាំងណាស់ មកផ្លាស់ប្តូរវេនគ្នាទាំងគ្រួសារដើម្បីជួយមើលថែទាំកូន ពេលកូនឈឺកន្លងមក រហូតដល់ដង្ហើមចុងក្រោយ។ សូមអរគុណដល់បងប្អូនជីដូនមួយទាំងអស់គ្នាផង ខ្ញុំលាហើយណា...។ ហើយជម្រាបលា!!! យាយតា អ៊ុំពូមាមីង បងប្រុសបងស្រី ប្អូនប្រុសប្អូនស្រី ក្មួយ ញាតិមិត្តភូមិផងរបងជិតឆ្ងាយទាំងអស់ ខ្ញុំជម្រាបលាហើយ អរគុណដែលបានផ្តល់កំលាំងចិត្ត និងជូនពរដល់ខ្ញុំ សូមជួយមើលម៉ាក់ខ្ញុំផង មិនដឹងពេលនេះគាត់ធ្លាក់ក្នុងស្ថានភាពយ៉ាងណានោះទេ។ ម៉ាក់ខ្ញុំគាត់គិតថា ពេលគាត់ចាស់ទៅ គាត់នៅមានខ្ញុំមើលថែទាំគាត់ ចិញ្ចឹមគាត់ តែពេលនេះបែរជាគាត់ជូនដំណើរខ្ញុំទៅវិញ។ បើគាត់ខ្វះខាតអ្វី ជួយគាត់ផង ពិសេសញាតិជិតខាងដែលតែងតែយកអក្សាគាត់។ ខ្ញុំដឹងថាពេលម៉ាក់អត់អីញាំ មានការខ្វះខាត គឺម៉ាក់មានអ្នកជិតខាងហៅអោយញាំបាយ លើកទឹកចិត្ត ផ្តល់គំនិត យោបល់ផ្សេងៗ គាត់ចិត្តល្អណាស់ ហើយខ្ញុំមិនដែលភ្លេចពួកគាត់នោះទេ..។ និងជម្រាបលាផងដែរ ដល់ថ្នាក់គ្រប់គ្រង បុគ្គលិកគ្រួសាររីករាយ(ក្រេប៉ូ) ពិសេសមិត្តរួមការងារ និងបុគ្គលិកសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ មិត្តនិស្សិតសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ទាំងអស់ អតីតមិត្តវិទ្យាល័យ មិត្តភក្តិជាទីស្រលាញ់ ខ្ញុំលាហើយ លាឥតត្រឡប់ឡើយ ខ្ញុំមិនចង់លាអ្នកគ្រប់គ្នាទេ ខ្ញុំចង់រៀនអោយចប់ ខ្ញុំនៅចង់ធ្វើការងារ ខ្ញុំចង់ជួបមុខអ្នករាល់គ្នានិយាយលេង ខ្ញុំចង់ដើរលេងរួមជាមួយមិត្តទាំងអស់គ្នា ខ្ញុំនៅចង់ស្លៀកឯកសណ្ឋាននិស្សិតដូចមិត្តទាំងអស់គ្នាដែរ ខ្ញុំចង់នៅថតទទួលបរិញ្ញាបត្រ ពាក់អាវទទួលសញ្ញាបត្រជាមួយមិត្ត យកចំណេះជំនាញផ្នែកគីមីចូលរួមជួយសង្គមរបស់យើង....តែ....រឿងកន្លងទៅបើមានអ្វីខុសឆ្គងជាមួយគ្នា អោយខ្ញុំសូមអភ័យទោសផង...។ ហើយសូមអរគុណដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូ បងៗ មិត្តនិស្សិត មិត្តរួមការងារតូចធំ មិត្តសម្លាញ់ទាំងអស់ ចំពោះថវិការ កំលាំងចិត្ត សារជូនពរ ការមកសួរសុខទុក្ខ ការចំណាយពេលវេលាដើម្បីខ្វះខ្វែងរកជំនួយមកជួយសង្រ្គោះជីវិតរបស់ខ្ញុំដោយក្តីសង្ឃឹម ដើម្បីជួយសម្រាលទុក្ខមួយផ្នែកដល់ម៉ាក់របស់នាងខ្ញុំ តែថវិការនេះបែជាប្រែក្លាយទៅជាថវិការបុណ្យសពនាងខ្ញុំទៅវិញ។ ជាអវសាន្ត សូមជូនពរម៉ាក់មានសុខភាពល្អ យាយតាអ៊ុំពូមាមីងបងប្រុសស្រី លោកគ្រូ អ្នកគ្រូទាំង២ស្ថាប័ន មិត្តនិស្សិត មិត្តរួមការងារមិត្តជាទីស្រលាញ់ទាំងអស់សូមមានអាយុវែង សុខភាពល្អ សំណាងល្អ គ្រប់ៗគ្នា។ ជម្រាបលា!!!! ជួយមើលម្តាយជំនួសខ្ញុំផង.....លាហើយ លាលុះអវស្សាន្ត!!! សូមអភ័យទោសចំពោះឃ្លាឃ្លោង កុំហុសខុសឆ្គងផ្សេងៗផង។ នេះជាអ្វីដែលប្អូនស្រីចង់និយាយ ខ្ញុំអាចនិយាយបានយ៉ាងខ្លីប៉ុណ្នឹង។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។