លុយជិត២មុឺនដុល្លាក្នុងទូរដែក ត្រូវក្រុមជនសង្ស័យជំនាញITគាស់យកទៅបាត់
ណារ៉ា
-

ភ្នំពេញ ៖ ជនសង្ស័យអាចមានច្រើននាក់ ក្នុងសកម្មភាពឆ្លាតវ៉ៃ ជំនាញខាងIT ហើយហ៊ានទៀត កាត់របងលួស ចូលធ្វើសកម្មភាព កាត់ផ្តាច់ ប្រព័ន្ធកាមេរ៉ាសុវត្តិភាព ដកទាំងក្បាលDVR (ឧបករណ៍ផ្ទុកទិន្នន័យថតរូបភាព) ចេញហើយ គាស់ទ្វារចូលទៅវាយបំបែកទូដែក លួចលុយ អស់ជិត២មុឺនដុល្លា បានសម្រេចហើយគេចខ្លួនបាត់ ដោយសុវត្តិភាព សូម្បីសន្តិសុខយាមប្រចាំរោងចក្រ ចំងាយពីអគារកើតហេតុប្រហែល៥០ម៉ែត្រ តែអត់ដឹងរលីង រហូតដល់វេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ បុគ្គលិកចូលធ្វើការ ទើបដឹងឆោឡោ ប្តឹងប៉ូលីសចុះទៅពិនិត្យ ដល់រោងចក្រ កាត់ដេរសម្លៀកបំពាក់ យុីហោ COCO ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមរដ្ឋបាលរោងចក្រ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រោងចក្រខាងលើ បានបើកលុយប្រាក់ខែជូនកម្មកររួចរាល់ហើយ ហើយនាយកក្រុមហ៊ុន បានយកលុយជិត២មុឺនដុល្លា ដាក់ក្នុងទូដែក បន្ទប់គណនេយ្យ ការងារពេលយប់រោងចក្រខាងលើ មិនមានកម្មករធ្វើការ ឬថែមម៉ោងដែរ ចាកចេញអស់ ពីរោងចក្រ មានតែសន្តិសុខ របស់ក្រុមហ៊ុនឯកជន « តាព្រហ្ម» យាមប្រចាំរោងចក្ររាល់ថ្ងៃ រហូតដល់ព្រឹកថ្ងៃទី១១ ខែកក្កដា នេះបន្ទាប់ពី រដ្ឋបាល ជនជាតិចិន ខ្មែរ ចូលធ្វើការ ស្រាប់តែឃើញទ្វារត្រូវបានជនសង្ស័យគាស់របើក ចូលទៅក្នុងបន្ទប់រដ្ឋបាល បន្ទប់គណនេយ្យ លុយលុយ រើកកាយតាមចិត្ត សម្ភារៈ ក្នុងការិយាល័យ រប៉ាត់រប៉ាយ ជនសង្ស័យ កាត់ផ្តាច់ យកក្បាលDVR (ឧបករណ៍ផ្ទុកទិន្នន័យ ថតរូបភាព» កត់ខ្សែកាមេរ៉ាសុវត្តិភាព ហើយក្បាលកាមេរ៉ាចំនួន២គ្រាប់ ត្រូវបាន ជនសង្ស័យកាច់ បង្វែរខុស ទិសដៅ ជនសង្ស័យផ្តាច់ទាំងប្រព័ន្ធកុំព្យុទ័រ ដកហីតហាតឌីស ចូលទៅពិនិត្យ ក្នុងបន្ទប់គណនេយ្យ ត្រូវបានជនសង្ស័យ វាយ គាស់ បំបែកទូដែក លួចលុយបាត់អស់ជិត២មុឺនដុល្លា សម្ភារៈរាយប៉ាយ ប្រាក់រៀល ធ្លាក់រាយប៉ាយ ក្នុងបន្ទប់ ។
ប្រភពបន្តទៀតថា ក្រោយពីដឹងថា ជនសង្ស័យលួច មានជំនាញ បច្ចេកវិជ្ជា IT ហើយបានបំផ្លាញចោល រួចធ្វើសកម្មភាពចូលលុកលុយតាមចិត្ត ក្នុងបន្ទប់រដ្ឋបាលរោងចក្រ លួចយកទ្រព្យសម្បត្តិ លុយកាក់ គេចខ្លួនបាត់ស្រមោល ហើយបានរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ដើម្បីស្រាវជ្រាវ រកមុខជនសង្ស័យ ហ៊ានម្លឹងៗ ទោះជាមានសន្តិសុខយាមប្រចាំក្បែរនោះហើយ នៅតែសកម្មភាពរបស់ជនសង្ស័យធ្វើបានសម្រេចទៀត ។
តាមការពិនិត្យជាក់ស្តែង ជនសង្ស័យ មិនមែនមានតែម្នាក់ឯងនោះទេ កាត់បន្លាលួសរបងផ្លោះចូល ទៅកាត់សោរទ្វារ កាត់ផ្តាច់ ប្រព័ន្ធ គ្រឿងបំពាក់ កាមេរ៉ាសុវត្តិភាព បានយ៉ាងងាយ ហើយចូល លួចលុយក្នុងទូដែក ។ អគារដែលជនសង្ស័យចូលធ្វើសកម្មភាព មានចំងាយពីប៉ុស្តិ៍យាមរបស់កងសន្តិសុខ ចំងាយប្រហែល៥០ម៉ែត្រ តែមិនដឹងថា អ្នកយាម យាមយ៉ាងដូចម្តេច ទើបចោរចូលលុកលុយក្នុងរោងចក្រ តាមអំពើចិត្តហើយ អត់មានអ្នកណាដឹង បន្សល់ទុកតែស្លាកស្នាម ឲ្យក្រុមហ៊ុន ឲ្យសមត្ថកិច្ចងឿងឆ្ងល់ និងទុកឲ្យស្រាវជ្រាវ ។
ក្រោយពីមានជនសង្ស័យចូលលុកលុយ លួចទ្រព្យសម្បត្តិ លុយកាក់ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ យុីហោ COCO ខាងលើ នៅព្រឹកថ្ងៃទី១១ ខែកក្កដា សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង និងបន្តស្រាវជ្រាវតាមបណ្តឹងក្រុមហ៊ុនរោងចក្រ ៕