ត្បូងឃ្មុំ៖ នេះ ជាទង្វើដ៏ប្រពៃរបស់ព្រះសង្ឃដែលស្ថិតក្នុងវត្តដ៏សំសត់នៅតាមទីជនបទដែលស្ថិតនៅវត្តលុម្ពិនីវនារាម ហៅវត្តទូលវិហារ ស្ថិតនៅភូមិរបងច្រុះ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅក្នុងរូបភាពបង្ហាញពីសកម្មភាពព្រះសង្ឃទាំងតូចៗ ធ្វើការយ៉ាងសកម្ម សែងដី សែងថ្ម ដើម្បីធ្វើផ្លូវសម្រាប់ឲ្យពុទ្ធបរិស័ទងាយស្រួលធ្វើដំណើរទៅធ្វើបុណ្យធ្វើទាននៅក្នុងវត្ត។ ដោយសារតែមិនមានថវវិកាក្នុងការចំណាយ និងមិនចង់ចំណាយខ្ជះខ្ជាយ ព្រះសង្ឃជាច្រើនបានចំណាយទាំងកាយ និងចិត្ត ដើម្បីសម្រួលដ៏ផ្លូវមួយនេះ ដើម្បីឲ្យពុទ្ធបរិស័ទ្ធងាយស្រួលក្នុងការធ្វើដំណើរ។ ទន្ទឹមនិងឃើញទង្វើល្អរបស់ព្រះសង្ឃអ្នកលេងបណ្ដាញសង្គមមួយចំនួនក៏លើកឡើងថា«សូមអ្នករាល់គ្នាមើលឃើញទង្វើរល្អរបស់សង្ឃផង កុំចាប់កំហុសសង្ឃពេក ពេលសង្ឃខុសវិន័យនាំគ្នាចង្រៃផ្សព្វផ្សាយពេញទំហឹង ពេលសង្ឃមានទង្វើរអញ្ចឹងតើអ្នកមានចិត្តឬទេ»។អ្នកខ្លះទៀតក៏លើកឡើងថា«ខ្ញុំករុណាសូមក្រាបថ្វាយបង្គំព្រះគុណម្ចាស់ខ្ញុំករុណាចង់ចូលបុណ្យជួយផ្លូវនេះដែរតើត្រូវទាក់ទងតាមណាព្រះអង្គ?»។
ដោយ៖ ច័ន្ទ