ក្រុមហ៊ុន ស៊ីណូ ហាយដ្រូកំចាយ បានជូនដំណឹងជាសាធារណៈ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរ ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីបង្ការផលប៉ះពាល់ផ្សេងៗ ព្រោះក្រុមហ៊ុន នឹងចាប់ផ្តើមបើកទ្វារអាងស្តុកទឹក
កំពតៈ នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន ស៊ីណូហាយដ្រូ បានចេញសេចក្តីជូនដំណឹងមួយ អំពីការបើកទ្វាររំដោះទឹក នឹងចាប់ផ្តើមបើកទ្វារអាងស្តុកទឹក និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរ ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីបង្ការផលប៉ះពាល់ផ្សេងៗ ។ ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យកម្រិតទឹកនៅអាងស្តុក នៃទំនប់វារីអគ្គិសនីកំចាយ ក្នុងស្រុកទឹកឈូ ខេត្តកំពត បានកើនដល់កម្រិតដែលត្រូវរំដោះចេញ។
ផ្អែកលើទិដ្ឋភាពនេះ ក្រុមហ៊ុន ស៊ីណូ ហាយដ្រូ កំចាយ បានជូនដំណឹងជាសាធារណៈ មានខ្លឹមសារថា នាពេលបច្ចុប្បន្ន លំហូរទឹកចូលអាងទំនប់វារីអគ្គិសនីកំចាយ មានបរិមាណ១.៤៥០ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី បណ្តាលឲ្យកម្រិតទឹកកើនឡើងដល់កម្ពស់១៤៦,៧០ម៉ែត្រ។ ដូច្នេះ ការបើកទ្វាររំដោះទឹក នៃទំនប់វារីអគ្គិសនីកំចាយ លេខ២០១៨-០១ត្រូវបានរំពឹងថា នឹងចាប់ផ្តើមបើកនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែកក្កដានេះ។ ម្ល៉ោះហើយ សូមអាជ្ញាធរខេត្ត ព្រមទាំងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ជូនដំណឹងដល់ប្រជាពលរដ្ឋ កសិករ អ្នកលក់ដូរនៅតាមដងព្រែក ខាងក្រោមខ្សែទឹក នៃទនប់វារីអគ្គិសនីកំចាយ ចាត់វិធានការការពារ និងប្រុងប្រយ័ត្នឲ្យបានទាន់ពេលវេលា ដើម្បីបង្ការទប់ស្កាត់ផលប៉ះពាល់បណ្តាលមកពីទឹកជំនន់ ។ ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនេះដែរ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់ឲ្យដឹងថា ផ្អែកតាមការប្រកាសជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ ពេញមួយសប្តាហ៍នេះ មន្ត្រីជំនាញបានបន្តផ្សព្វផ្សាយដល់គ្រប់សហគមន៍នេសាទទាំងអស់ឲ្យផ្អាក ក្នុងការចេញទៅសមុទ្រ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។ មានទូកមួយចំនួន បានចេញទៅដែរ តែពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ ដោយទៅនាពេលរសៀល ហើយធ្វើការនេសាទតែនៅតំបន់ជិតៗ រួចត្រឡប់មកវិញមិនហួសពីម៉ោង៧យប់ទេ ខណៈដែលលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក ចាន់ វណ្ណា ប្រាប់ថា អាកាសធាតុបែបនេះជារឿងធម្មតា នៅរដូវវស្សាក្នុងទឹកដីខេត្តកំពត៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។