ក្រុមកម្មករ-កម្មការិនី រោងចក្រដេរស្បែកជើង ប៊ុន តឺស ស្ថិតនៅស្រុកត្រាំកក់ ជាង៤០០នាក់ បានដួលសន្លប់ជា បន្តបន្ទាប់ទៀត
តាកែវៈ ក្រុមកម្មករ-កម្មការិនី រោងចក្រដេរស្បែកជើង ប៊ុន តឺស ខូអ៊ែលធីឌី ដែលស្ថិតនៅក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ជាង៤០០នាក់ បានដួលសន្លប់ជា បន្តទៀតនៅថ្ងៃអង្គារ៍ ទី១០ ខែកក្ដដា ឆ្នាំ២០១៨នេះ បន្ទាប់ពីក្រុមកម្មករប្រមាណជាង ៣រយនាក់ បានដួលសន្លប់កាលពីម្សិលមិញ ។
យោងតាមលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងថា នៅព្រឹកនេះមានកម្មករ ប្រមាណជាង ៤០០នាក់នៅរោងចក្រខាងលើ បានដួលសន្លប់ជាបន្តបន្ទាប ហើយត្រូវបានបញ្ជូនមក សំរាកព្យាបាលនៅតាម មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក អង្គរការ និងមន្ទីរពេទ្យខេត្តតាកែវ ។ មូលហេតុដែលបណ្ដាលឲ្យ កម្មករបន្តដួលសន្លប់ នៅថ្ងៃនេះបន្តទៀត ត្រូវបានលោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តតាកែវ ថ្លែងឲ្យដឹងថា គឺបណ្ដាលមកពីក្រុមកម្មករ បានឃើញកម្មការិនីម្នាក់ព្យួស៊ីរ៉ូម ជាប់និងដៃមកបើកប្រាក់ខែ ក៏ស្រាប់តែកម្មករដទៃទៀត ភ័យស្លន់ស្លោក៏សន្លប់បន្តបន្ទាប់តែម្ដង ។ រហូតមកដល់ពេលនេះ កម្មការិនីទាំងអស់នោះ កំពុងសម្រាកព្យាបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកអង្គរការ ក្នុងស្រុកត្រាំកក់ និងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ ដោយឡែកកម្មករដែល មិនមានបញ្ហាសុខភាព កំពុងតែបន្តការងារជាធម្មតា ៕ ប្រភពៈ Heng Ly
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។