​ម៉ានិត ចែករំលែកពីបទពិសោធន៍ តែង​និពន្ធ ដែលរូបលោកធ្លាប់ឆ្លងកាត់កន្លងមកដល់បងប្អូនដែលចូលចិត្តតែង និពន្ធបទចម្រៀង ឲ្យបានយល់ដឹង....
-

អតីតតារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត លោក ម៉ានិត ដែលជាអ្នកនិពន្ធ និងច្រៀង បានបង្ហើបពីគន្លឺះតែងនិពន្ធខ្លះ ដោយលោកបានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា "មានមនុស្សជាច្រើនធ្លាប់សួរខ្ញុំអំពីគន្លឹះនិពន្ធបទចម្រៀង។ ដូច្នេះខ្ញុំសុំឆ្លើយតាមដែលយល់ទៅចុះ ព្រោះមិនច្បាស់ថាគន្លឹះខ្ញុំត្រឹមត្រូវឬអាចប្រើការបានលើមនុស្សគ្រប់គ្នានោះទេ តែសម្រាប់ខ្ញុំ ឃើញថាគន្លឹះដែលប្រើកន្លងមកវាបានមកពីបទពិសោធន៍ ទាំងការធ្វើខុស និងការធ្វើត្រូវ។ បទចម្រៀងដែលពីរោះ ដែលអាចសណ្ដំអ្នកស្ដាប់ឲ្យលង់តាមអំណាចលួងប្រលោមរបស់សិល្បៈករ វាផ្អែកទៅលើកត្តាសាមញ្ញបីយ៉ាងគឺ បទភ្លេង ទំនុកច្រៀង និងអ្នកច្រៀង។ បទភ្លេង និងទំនុកច្រៀង៖ សម្រាប់ខ្ញុំ អាពីរនេះភាគច្រើនកើតឡើងទន្ទឹមគ្នា ឬយឺតក្រោយគ្នាបន្តិច។ គ្រាន់តែទំនុកច្រៀង និងចំណងជើង តែងកើតមុន ឬអាចហៅថា concept។ ព្រោះបើយើងស្គាល់បំណងក្នុងការសរសេរចម្រៀងបែបណា នោះយើងនឹងដឹងថាតើយើងគួររចនាចរឹតតួអង្គឯកចម្រៀងយើងបែបណាហើយ។ ចរឹតបទចម្រៀង គឺសំដៅទៅលើ ញាក់ កំប្លែង កំសត់ លួងលោម ផ្អែមល្ហែមអីអស់ហ្នឹង តែអ្វីដែលអ្នកនិពន្ធគួរយកចិត្តទុកដាក់ គឺការថែមល្បោយរសជាតិលាយឡំទៅលើចរឹតបទនោះដោយខ្លួនឯង ដូច្នេះវាផ្អែកទៅលើទេពកោសល្យច្នៃប្រឌិតច្រើន។ បទភ្លេងពីរោះហើយ ទំនុកច្រៀងក៏ល្អដែរ តែហេតុអីស្ដាប់ទៅមិនចូលគ្នា? ឬមិនទាន់ទាញអ្នកស្ដាប់ឲ្យលង់តាម? ទំនុកច្រៀងដែលល្អ គឺត្រូវដាក់នៅចំចំណុចត្រឹមត្រូវនៃបទភ្លេង។ បទភ្លេងនោះនឹងជួយរុញទំនុកច្រៀងនោះឲ្យផុសផុលអត្ថន័យឡើង មិនអាចចេះតែដាក់តាមចិត្ត។ ត្រូវចាយពេលគិតច្រើនដែរ សម្រាប់អ្នកទើបចាប់ផ្ដើម។ អ្នកច្រៀង៖ បទចម្រៀងដែលល្អ ត្រូវតែសមប្រកបជាមួយសំឡេងអ្នកចម្រៀង។ អ្នកចម្រៀងគួរដឹងប្រភេទចង្វាក់ភ្លេងដែលគួរច្រៀង ហើយអ្នកនិពន្ធក៏គួរដឹងថា អ្នកចម្រៀងខ្លួនជាអ្នកណា។ អ្នកច្រៀង មានសំឡេងពីរោះហើយ តែហេតុអីច្រៀងទៅស្ដាប់មិនសូវរំភើប? ការច្រៀងផ្អែកលើកត្តាបីផ្សេងទៀត អារម្មណ៍ បច្ចេកទេស និង ការប្រកបពាក្យ។ ការច្រៀងត្រូវយល់ពីបទភ្លេង និងអត្ថន័យ ថាតើពាក្យណាគួរសង្កត់ ពាក្យណាគួរអូស គួរថ្នម ឬច្នៃសំឡេងយ៉ាងម៉េច ឲ្យស័ក្តិសមនឹងបទអ្នកកំពុងច្រៀង ច្រៀងដើម ក បើកក្រអូរមាត់ ច្រៀងនៅដើមទ្រូង ច្រៀងនៅចុងច្រមុះ ស្រែកខ្លាំង ស្រែកខ្យល់អីជាដើម។ សំឡេងពីរោះពីកំណើត ក៏ត្រូវការហាត់រៀនដែរ។ មិនអាចប្រាំឆ្នាំនៅច្រៀងសំឡេងដដែលទេ ហិៗ។ គិតឃើញប៉ុណ្ណឹង តែគិតថានៅមានច្រើនទៀត នឹងចែករំលែកទៀតនៅថ្ងៃក្រោយ។ កន្លែងណាគិតថាខុស បោះចោលចុះណា !"។

ប្រភព៖​ Manith Jupiter