រថយន្ត CRV បើកបុកកម្មករបោសសំរាមបណ្ដាលឲ្យរបួសធ្ងន់ រួចបើករត់យករថយន្តប្លុងចោល ក្នុងការដ្ឋានបុរីប៉េងហួត រួចគេចខ្លួនបាត់!
ភ្នំពេញ ៖ កម្មករបោសសំរាម ក្រុមហ៊ុនស៊ិនទ្រីម្នាក់ បានខ្ទាតផ្លោង បោកនឹងថ្នល់ រងរបួសធ្ងន់ ខណៈពេលកំពុងបោសនិងប្រមូល សំរាមតាមផ្លូវ ក៏ត្រូវរថយន្ត CRV បើកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង០២៖១០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រង់ចំណុចជិតក្រុមហ៊ុន លក់រថយន្ត Mercedez តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ព្រំប្រទល់សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករបោសសំរាមក្រុមហ៊ុនស៊ិនទ្រី ស្នាក់នៅម្ដុំព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកឯអ្នកបើកបររថយន្ត CRV ស្លាកលេខភ្នំពេញ 2P-9739 ដែលបង្កហេតុនោះ នៅមិនស្គាល់អត្តសញ្ញាណទេ ។ ប្រភពព័ត៌មានពីស្ត្ត្រីម្នាក់ជាកម្មករបោសសំរាមដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងយុវជនរងគ្រោះបានជិះឌុបគ្នាមកបោសសំរាមតាមផ្លូវ៦០ម៉ែត្រ ខណៈពេលទុកម៉ូតូនៅអែបចិញ្ចើមផ្លូវ ហើយកំពុងបោស និងប្រមូលសំរាមដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកCRV ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-9739 បើកយ៉ាងលឿន ទិសដៅពីជើងមកត្បូង មិនដឹងថាកើតអីទេ បានមកបុកចំម៉ូតូនិងយុវជនជាកម្មករបោសសំរាមក្រុមហ៊ុនស៊ិនទ្រីពេញទំហឹង បណ្ដាលឲ្យខ្ទាតប្លោង បោកនិងថ្នល់ រងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កហេតុមិនព្រមឈប់ដោះស្រាយនោះទេ បានព្យាយាមបន្ថែមល្បឿនបើករត់គេច ទើបគាត់ស្រែក ឆោរឡោឡើងដើម្បីអោយគេជួយ ដេញចាប់រថយន្តបង្កនោះផង ហើយបានអ្នករត់ម៉ូតូឌុបជួយដេញតាម តែរថយន្តបង្កចូលក្នុងការដ្ឋានបុរីប៉េងហ៊ួត រួចប្លុងរថយន្តចោល ក្បែរតូបកម្មករស្នាក់នៅក្នុងការដ្ឋានបុរីប៉េងហួតតែម្ដង រួចរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកឯយុវជនដែលជាកម្មករបោសសំរាមក្រុមហ៊ុនស៊ិនទ្រីដែលរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងបងៗអ្នករត់ម៉ូតូឌុបជួយហៅរថយន្តសង្គ្រោះអោយមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សីភ្លាមៗផងដែរ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុរួចចូលទៅរកឃើញរថយន្តបង្ក រួចបានរាយការណ៍ទៅ ត្រូវសមត្ថកិច្ចផ្នែកចរាចរណ៍ ខណ្ឌមានជ័យ ចុះមកកន្លែងកើតហេតុ រួចរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ អោយចុះមកយករថយន្តបង្កហេតុនោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។ រីឯអ្នកបើកបររថយន្តបុកគេ ហើយបានរត់គេចខ្លួននោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមកដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។