ជំពាក់លុយមិត្តភក្តិ១០០០ដុល្លារមិនព្រមសង ចូលវាយដល់ក្នុងផ្ទះ ទាញចេញមកក្រៅ ឲ្យបក្ខពួកវាយបន្តែមទៀត...
-

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្រ្តីម្នាក់ដែលជាកូនបំណុល បានរងបួសបែកមុខមាត់ ត្រូវបានក្រុមគ្រួសារបញ្ជាូនទៅមន្ទីរពេទ្យ ព្រោះតែរឿងជំពាក់លុយមិត្តភក្តិ១០០០ដុល្លារមិនព្រមសង ហេតុការណ៍នេះបានកើតឡើង ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះឈ្មោះ ម៉ៅ ស្រីណុច អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ។ ចំណែកជនបង្កទី១ ឈ្មោះ ហួត សុខា ភេទស្រី អាយុ៤៤ ឆ្នាំមុខរបរជាកម្មកររោងចក្រ, ទី២. ឈ្មោះ ថុ ស្រីណាត ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ចាប់ហួយ និងទី៣.ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី ដែលអ្នកទាំង៣នាក់ស្នាក់នៅភូមិប៉ប្រកត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានប្រាប់ថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះកំពុងអង្គុយ ហូបបាយ នៅក្នុងបន្ទប់ជួល ស្រាប់តែស្រ្តីដែលជាម្ចាស់បំណុល មកជេរដៀមដាម និងថែមទាំងចូលទៅវ៉ៃជនរងគ្រោះ និងចាប់អូសចេញមកខាងក្រៅ។
សមត្ថកិច្ចបានបន្តទៀតថា ចំណែកបក្ខពួក២នាក់ទៀត ក៏បានចូលរួមវាយលើជនរងគ្រោះយ៉ាងដំណំរងរបួសធ្ងន់ បែកមុខបែកមុខបែកមាត់ និងរបួសជាច្រើនកន្លែងថែមទៀត ត្រូវដឹងយកទៅព្យាបាលនៅគ្លីនិកឯកជនផងដែរ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនបន្តនៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនិតិវិធីច្បាប់៕
ដោយ៖ និស្ស