គំនុំសង់សឹក ជួបភ្លាមវៃគ្នាភ្លែត មានអីម្នាក់ដេកពេទ្យ ម្នាក់ទៀតចូលគុក
-

កណ្តាលៈ កាលពីវេលាម៉ោង៧ៈ៣០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីហិង្សាពាក្យសម្ដីគ្នា រហូតឈានដល់វៃគ្នា ផ្អើលពេញដង់ផ្លូវដែលស្ថិត នៅចំណុចភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ឆិល មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានស្នាមមុត ត្រង់ក្បាលខាងឆ្វេងចំនួន១កន្លែង មានទីលំនៅភូមិឃុំខាងលើ។ រីឯជនសង្ស័យ២នាក់ខាងលើមានឈ្មោះមុត សំណាង ហៅឆាយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរថយន្ដ មានទីលំនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួនបាន)។ ម្នាក់ទៀតឈ្មោះ មុត ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(គេចខ្លួនបាត់)។
មុនពេលកើតហេតុ ឈ្មោះ មុត សំណាង ហៅឆាយ និងឈ្មោះ មុត ដារ៉ា ជិះម៉ូតូម្នាក់១គ្រឿង ចេញពីផ្ទះ របស់ឈ្មោះ កែវ ភិរម្យ ភេទប្រុស (ត្រូវជាឪពុកក្មេក របស់ឈ្មោះ មុត សំណាង)តាមផ្លូវលំ​ ដោយមានសភាពស្រវឹងស្រា ទាំង២នាក់​ ហើយពេលមកដល់កន្លែងកើត​ហេតុ បានជួបនឹងក្រុមគ្រួសារ​របស់ ឈ្មោះ​ឆិល​ មករា​ កំពុងធ្វើដំណើរ​ចូលទៅផ្ទះរបស់ខ្លួន ក៏បានឈប់ម៉ូតូ ឈ្លោះ​ប្រកែកពាក្យសម្ដីគ្នា​ ហើយភ្លាមនោះ​ឈ្មោះ ​មុត​ សំណាង បានហូតខ្សែក្រវ៉ាត់ចេញពីចង្កេះខោរបស់ខ្លួន ព្រួតគ្នាជាមួយឈ្មោះ​មុត ដារ៉ា វាយ​ទៅលើ​ឈ្មោះ​​ឆិល​ មករា(ជនរងគ្រោះ)​បណ្ដាលឲ្យមានរបួស​ស្នាម​ ហើយភ្លាមនោះ​កំលាំង​សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយរលំ​ បានចុះទៅ​ដល់កន្លែង​កើតហេតុ និងបាននាំខ្លួនឈ្មោះ​មុត​ សំណាង ដើម្បីធ្វើការសាសួរ​។ ចំណែកឈ្មោះ មុត ដារ៉ា រត់គេចខ្លួនបាត់។ រីឯឈ្មោះ ​​ឆិល​ មករា ត្រូវបានសាច់ញាតិ បងប្អូន​ដឹកយកទៅព្យាបាលរបួស​នៅមន្ទីរពេទ្យ​ក្រុងតាខ្មៅ​។